ថ្មីៗពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា ៖ បច្ចុប្បន្នឈ្មួញធំៗ មួយចំនួនបន្តនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកតាំងពីលោក ឈុន សុភមង្គល បានចូលទៅកាន់តំណែងបន្តជាប្រធានសាខាគយនិងរដ្ឋករគយ ក្នុងខេត្តឧត្តរមានជ័យ ម្ល៉េះ ។ហើយដោយសារតែមានការឃុប ឃិតបើកដៃពីសំណាក់លោក គួន សុភាព ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រោមការគ្រប់គ្រងដ៏ធូរលុងពុករលួយរបស់លោក ឈុន សុភមង្គលជាមេសាខា។
តាមប្រភព ដែលស្និទ្ធនឹងលោក គួន សុភាព មេគយច្រកអូរស្មាច់ បានឲ្យដឹងថា ៖ ការដែលលោក គួនសុភាព ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ដែលជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ហើយប្រសិនបើគ្មានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ទេនោះគឺលោក គួន សុភាព មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះទេជាពិសេសពាក់ព័ន្ធនឹងការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់នេះតែម្ដង។
បើតាមប្រភពពីមន្ត្រីគយនៅក្នុងខេត្តឧត្ដរមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ៖ ក្រោយពេលប្រកាសចូលកាន់តំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ រួចមកគឺលោក ឈុន សុភមង្គល កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់ដូចគ្នាជាមេសាខាគយក្នុងខេត្តបាត់ដំបងកន្លងមក ។
ទាក់ទិនបញ្ហានោះដែរ ប្រភពបានឲ្យដឹងទៀតថា ដូចជាថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ឈុន សុភមង្គល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់នៅខេត្តឧត្តរមានជ័យ និងក្នុងខេត្តបាត់ដំបងអតីត ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈុន សុភមង្គល មេគយខេត្តឧត្ដរមានជ័យនោះនៅឡើយទេមកទល់ពេលនេះ។
ទន្ទឹមនឹងនេះលោក គុណ ញឹម ដែលជាមេគយធំ ក៏រក្សាភាពស្ងៀមស្ងាត់ទុកឲ្យ
លោក ឈុន សុភមង្គល ជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនផងដែរមកទល់ពេលនេះ។ហើយដែលទំនងមើលទៅស្ងាត់ច្រៀបទាំងប៉ីទាំងទ្រ ដែលបញ្ហានេះជម្រុញអោយក្រុមមន្ត្រីក្ដៅក្រហាយមានតែសំណូមពរអោយអង្គភាពប្រឆាំងអំពើពុករលួយគួរតែមានវិធានការពិនិត្យមើលពីសកម្មភាពរបស់បុគ្គល ឈុន សុភមង្គល ជាបន្ទាន់ ។
ចំណែកមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏បានឲ្យដឹងដែរថាបច្ចុប្បន្នមេគយច្រកទ្វារអន្តរជាតិជាំ នៅតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងសុខស្រួល ដដែលចាប់តាំងពីលោកមេគយចូលមកកាន់តំណែង ដោយពួកគេចាត់ទុកថារាល់ទំនិញបទល្មើសទាំងនោះគឺជាឆ្នាំងបាយធ្វើមានបានដែលមិនអាចខ្វះបានសម្រាប់ស្រង់ដើម្រមូលចូលបក្ខ និងទុកបង់សែនអោយមេជាថ្នាក់លើមិនដកតំណែង ។
ដោយឡែកបើតាមមន្ត្រីនៅច្រកជប់គគីរ ស្រុកបន្ទាយអម្ពឹល ក៏បានបង្ហើបឲ្យដឹងដែរថា ៖ ឯមេគយប្រចាំច្រកនេះក៏បានឃុបឃិតឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ និងទំនិញគេចពន្ធយ៉ាងរលូនផងដែរដោយគ្មានញញើតអ្វីឡើយ។
បញ្ហានេះកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍បែរជាបានទៅលើលោក ឈុន សុភមង្គលទៅវិញនិងបក្ខពួក។
ប្រភពខ្លះបានឲ្យដឹងទៀតថា៖ លោក ឈុន សុភមង្គល ហ៊ានចំណាយដើមទុនយ៉ាងច្រើនដើម្បីទទួលបានតំណែងជាមេគយខេត្តឧត្ដរមានជ័យទប់ស្កាត់ពីភាពអសកម្មក្នុងការដកតំណែងទើបខំប្រឹងប្រព្រឹត្តអំពើពុករលួយដើម្បីស្រង់ដើមពីការចំណាយទិញបានកៅអីជាមេសាខាគយបានខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មុននិងចំណាយលុយតូយកកន្លែងខ្លាញ់ៗជាកៅអីនាយសាខាខ្លឹមៗដូចជាខេត្តបាត់ដំបងទៀតនោះ ។
ជុំវិញព័ត៏មានដ៏រសើបនេះការិយាល័យរបស់យើងមិនអាចសុំការទំនាក់ទំនងបានពីលោក ឈុន សុភមង្គល បានទេក្នុងថ្ងៃនេះ៕
ដោយ ត្មាតព្រំដែនឧត្តរ