ភ្នំពេញ៖ ថ្មីៗចៅហ្វាយខេត្តព្រះសីហនុ លោក យន្ត មីន បានបញ្ជាឲ្យជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និនិងសុរិយាដីខេត្តព្រះសីហុន យកលុយពីប្រជាពលរដ្ឋ ដោយគ្មានគោលការណ៍ច្បាស់លាស់ តាមរយៈការទទួលយកវិញ្ញាបនបត្រសម្គាល់លើម្ចាស់អចលនវត្ថុ ឬប្លង់រឹង ដោយគិតតម្លៃ ៤ដុល្លារអាមេរិក ក្នុង ១ម៉ែត្រការ៉េ។ លុយបន្ថែមផ្លូវការនេះ ត្រូវបានលោក យន្ត មីន លើកឡើងថា ដើម្បីយកទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទំនប់ ផ្លូវព័ទ្ធជុំវិញបឹង និងរក្សាចំណីផ្លូវប្រវែង ១០ម៉ែត្រ សងខាង បណ្តាញលូបង្ហូរ ដោយដាំដើមឈើការពារបរិស្ថានមាត់បឹងព្រែកទប់។ បឹងព្រែកទប់ ដែលត្រូវបានកាត់ផ្ទៃដីទំហំ ១១,៥០ហិកតា ឲ្យឯកជន ចាក់ដីលុប ដើម្បីអភិវឌ្ឍន៍។
លោក ចៅហ្វាយខេត្តព្រះសីហនុ យន្ត មីន បានឲ្យជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រះសីហនុ ធ្វើជាតំណាងរដ្ឋបាលខេត្ត្ត ដើម្បីយកថវិកាពីម្ចាស់ដី ដោយអះអាងថា ប្រជាពលរដ្ឋបានចូលរួមបរិច្ចាគថវិកា ហើយចេញវិក្កយបត្រត្រឹមត្រូវ ដោយមានលិខិតចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ លោក យន្ត មីន បានលើកហេតុផលថា ការយកលុយពីពលរដ្ឋម្ចាស់ដីខាងលើ ដោយចាត់ទុកថា ជាការបរិច្ចាគរបស់ម្ចាស់ដីនេះ ព្រោះតែខេត្ត ត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់បឹងព្រែកទប់ ដូចជា ទំនប់ ផ្លូវព័ទ្ធជុំវិញបឹង ក៏ដូចជា ការរៀបចំដីចំណីផ្លូវ បណ្តាញលូបង្ហូរទឹក និងការដាំដើមឈើការពារបរិស្ថានមាត់បឹង ជាដើម។
តាមលិខិត លោកចៅហ្វាយខេត្ត យន្ត មីន បានលើកឡើងថា “បច្ចុប្បន្ន ផ្ទៃបឹងព្រែកទប់ ត្រូវបានប្រែប្រួលតាមស្មារតីអនុក្រឹត្យ លេខ ២៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកាត់ផ្ទៃដីទំហំ ១១,៥០ ហិកតា ( ដប់មួយហិកតា និងហាសិបអា ) ចេញពីតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្ទុយទៅវិញរដ្ឋបាលខេត្តព្រះសីហនុ ក៏នៅតែរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូបង្ហូរទឹក សម្រាប់កិច្ចការបរិស្ថាន។ ដូច្នេះ រដ្ឋបាលខេត្តព្រះសីហនុ ស្មើលោកប្រធានមន្ទីរ រៀបចំចាត់ចែង ក៏ដូចជា ណែនាំដល់ម្ចាស់ក្បាលដីទាំងអស់ នៅក្នុងតំបន់បឹងព្រែកទប់ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវចូលរួមបរិច្ចាគជាថវិកា ចំនួន ៤ដុល្លារ/m² ( បួនដុល្លារសហរដ្ឋអាមេរិកគត់ ក្នុងដីមួយម៉ែត្រការ៉េ ) និងអនុញ្ញាតឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ តំណាងឲ្យរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការទទួលយកថវិកា ដែលម្ចាស់ដីបរិច្ចាគដោយចេញវិក្កយបត្រត្រឹមត្រូវ”។
យោងក្នុងលិខិតដដែល លោក យន្ត មីន បានគូសបញ្ជាក់ថា “អាស្រ័យហេតុនេះ សូមលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ជ្រាប និងអនុវត្តតាមខ្លឹមសារខាងលើឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព”។ក៏ប៉ុន្តែការបង្គាប់បញ្ជារបស់លោកយន្តមីន ទៅកាន់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដើម្បីយកលុយ ៤ដុល្លារអាមេរិក ក្នុងដី ១ម៉ែត្រការ៉េនេះត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាសាធារណមតិ បានចោទជាសំនួរថា តើលោកយន្តមីន យកលុយពីប្រជាពលរដ្ឋនោះ ពិតជាយកទៅប្រើប្រាស់ ក្នុងគោលដៅ ដូចបានកំណត់ដែរ ឬទេ? អ្នកណាជាអ្នកគ្រប់គ្រង? គ្រប់គ្រងដោយរបៀបណា? ហើយធានាសុវត្ថិភាពលុយនោះ ក្នុងការអនុវត្តដែរ ឬទេ?។
តាមមតិដដែលបានបន្តថា ប្រជាពលរដ្ឋបានបង់ពន្ធគ្រប់គ្រាន់ហើយ។ បង់ពន្ធរាល់ឆ្នាំ និងបង់ពន្ធគ្រប់គ្នាអស់ហើយ តើលុយទាំងអស់នោះ យកទៅណា? ដីលក់កាត់ឈ្មោះ និងបង់ពន្ធរួចរាល់អស់ហើយ តើលុយ ៤ដុល្លារ យកបន្ថែមនេះ មានគោលការណ៍មកពីណា? ហើយសេវាបន្ថែមនេះ កើតចេញមកពីណា? សេវានេះ បង្កើតឡើងដោយសាលាខេត្ត ឬបង្កើតឡើងដោយរដ្ឋ?។
មិនតែប៉ុណ្ណោះ ប្រភពប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលជាអតីតមន្ត្រីរាជការ បានលើកឡើងថា ៖ រាល់ហេដ្ឋារចនាសម្ព័ន្ធទូទៅ ក្នុងខេត្តព្រះសីហនុ ជាថវិការរបស់ខេត្ត ព្រោះខេត្តត្រូវបានផ្តល់ឲ្យដោយរដ្ឋាភិបាលនូវខ្ទង់ចំណាយទាំងអស់នេះ ដូច្នេះគ្មានហេតុផលអ្វី ដែលត្រូវមកយកលុយពីប្រជាពលរដ្ឋម្ចាស់ដីផ្ទះនោះឡើយ ។ បញ្ហានេះដែរភាគីលោកអភិបាលខេត្តព្រះសីហនុមិនអាចសុំការទំនាក់ទំនងបានទេដោយមិនលើកទូរស័ព្ទ ៕