តាមប្រភព ពីក្រុមកម្មករនៅការដ្ឋានក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ ស្រុកសេសាន ខែត្រស្ទឹងត្រែងបានអះអាងថា ៖ ការដឹកជញ្ជូនឈើចេញពីតំបន់បាតអាងនៃ ទំនប់វារីអគ្គិសនីសេសានក្រោម២នៅតែកើតមានរូបភាពច្រើន ស៊ីឡាកឈើចាស់ក្រុមហ៊ុន បើទោះបីជាក្រសួងមហាផ្ទៃបានបញ្ជាឲ្យមន្ត្រីជំនាញថ្នាក់ជាតិចុះស៊ើបអង្កេតក្ដី ក៏ប៉ុន្តែរូបភាពទំនងដូចជាឆាកល្ខោនបិទបាំងភ្នែកថ្នាក់លើប៉ុណ្ណោះ។
ទោះយ៉ាងណា ប៉ុន្តែបញ្ហានោះ អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកទឹកចិត្តឲ្យពលរដ្ឋសហការ ផ្តល់ដំណឹងទៅមន្ត្រីបរិស្ថាន ប្រសិនបើរកឃើញពីភាពមិនប្រក្រតីនៃបទល្មើសព្រៃឈើនៅតំបន់នោះផងដែរ ។
ប្រភពក្រុមកម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី២ ខែធ្នូ កន្លងមក និងពេលថ្មីៗនេះទៀតថា ៖ ក្នុងរយៈពេលតែជាង ២សប្តាហ៍ចុងក្រោយនេះ ជារៀងរាល់យប់ មានរថយន្តសាំយ៉ុងចាប់ពី ១០ ទៅ ១៥ គ្រឿងបានធ្វើការដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងសកម្មបំផុត ចេញពីតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅពេលយប់ជាប្រចាំផងដែរមកទល់ពេលនេះ ដោយគ្មានជំនាញថ្នាក់ណាមួយក្នុងតំបន់ហ៊ានចេញមុខមកទប់ស្កាត់សោះ ។
បើតាមកម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងទៀតថា ៖ សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់បាតអាង គឺមានការប្រុងប្រយ័ត្នខ្ពស់ និងមានមន្ត្រីអាវុធហត្ថប្រចាំនៅតំបន់នោះ យាមកាមយ៉ាងហ្មត់ចត់ទៀតផង ។
មិនតែប៉ុណ្ណោះប្រភពដដែលបានបញ្ជាក់តថា ៖ រថយន្តសាំងយ៉ុងមួយគ្រឿងអាចផ្ទុកឈើចាប់ពី ២ ម៉ែត្រគូប ទៅ ៤ ម៉ែត្រគូប ហើយក្នុងមួយយប់ៗមានរថយន្តសាំងយ៉ុងដឹកជញ្ជូនចេញពីតំបន់នោះយ៉ាងហោចណាស់ ចាប់់ពី១០ , ២០គ្រឿងដែរ៖ ដោយដឹកចេញពីឃ្លាំងស្តុកឈើ តំបន់បាតអាងពីខាងជើងទន្លេ តែម្តង ។ ហើយការដឹកនេះ បើតាមការសង្កេតមើលទៅ នៅតែមានជាកម្លាំងមន្ត្រីអាវុធហត្ថ គេតាមយាមកាម និងអមរថយន្តហ្នឹងរហូត។ គេតាមពីក្រោយរថយន្តសាំងយ៉ុងហ្នឹង ។ ដែលមានអត្ថន័យតាមឃ្លាំមើលការពារ ឫតាមបិទគូទការពារក្បួនឡានដឹកបទល្មើសព្រៃឈើនោះអោយមានសុវត្ថភាពទៅដល់គោលដៅតែម្ដង ។
ជុំវិញភាពអសកម្មខាងលើ ប្រភពដដែលបានបន្ថែមទៀតថា ៖ បច្ចុប្បន្នឈើមូលដែលនៅសេសសល់ ប្រមាណ ៣ពាន់ម៉ែត្រគូប ដែលឋិតក្នុងតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង ដឹកមកស្តុកទុក ច្រើនខែមកហើយ នោះគឺមានមន្ត្រីអាវុធហត្ថ យាមល្បាតយ៉ាងប្រុងប្រយ័ត្នបំផុត ។ ហើយដែលផ្ទៃក្នុងប្រភពថា ៖ ផ្នែកខ្លះតាមបណ្ដោយទន្លេសេសាន ក៏មានការលួចកាប់រំលំឈើមូលដឹកជញ្ជូនចូលការដ្ឋាន ក្រុមហ៊ុនបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរនេះដែរ៖ក្នុងរូបភាពបន្លំអោយទៅជាឈើរបស់ក្រុមហ៊ុន «ការអារឈើ និងកាប់បំផ្លាញព្រៃឈើនៅអមសងខាងទំនប់ខាងជើង និងខាងត្បូងនៅតែកើតមានជាហូរហែរ ។ ហើយដែលបញ្ហានេះជាការបំពាន យ៉ាងងងើលបំផុត ដែលច្បាប់ជាអ្នកហាមចេះតែហាមទៅ ឯអ្នកធ្វើល្មើសច្បាប់ចេះតែធ្វើទាំងបំពានទៅលើច្បាប់ ។ ប្រសិនជាគ្មានការដាក់ទោសទៅលើក្រុមអ្នកមានអំណាចឧកញ៉ាដែលប្រព្រឹត្តខុសច្បាប់ស្និទ្ធៗ ក្រោមឃ្លៀកនាយករដ្ឋមន្ត្រី ទេនោះ ! ។
គួរបញ្ជាក់ថា ៖ ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដី ៣៦.០០០ ហិកតារ ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ ( Ang & Associate Lawyer Co ., Ltd ) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២ ដែលចំណាយទឹកលុយស្ដារបាតអាងខាងលើប្រមាណជាង៧០លានដុល្លារ។
ថ្មីៗអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់អ្នកសារព័ត៌មានថា ៖ សូមឲ្យពលរដ្ឋផ្តល់ព័ត៌មានជាក់លាក់ ទៅមន្ត្រីបរិស្ថាន ដែលប្រចាំការនៅតំបន់នោះ ឬក៏ធ្វើរបាយការណ៍មកក្រសួងបរិស្ថាន ប្រសិនបើរកឃើញភាពមិនប្រក្រតីនៃអាជីវកម្មឈើនៅតំបន់បាតអាង។
លោកបញ្ជាក់ថា ៖ មន្ត្រីបរិស្ថានបានត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការបង្ក្រាបបទល្មើសព្រៃឈើជាមួយពលរដ្ឋ៖ «អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាទាំងអស់នេះ គឺសូមបន្តសហការ ជាមួយមន្ត្រីឧទ្យានុរក្សរបស់យើង ហើយរបាយការណ៍ជាលាយលក្ខអក្សរ ជារូបភាព ពេលដែលមានបញ្ហាហ្នឹង គឺសូមជួបផ្ទាល់នៅមន្ត្រីដែលឈរជើងនៅមូលដ្ឋាននោះតែម្ដង ដើម្បីចាត់វិធានការ ។ សម្រាប់មន្ត្រីក្រសួងបរិស្ថាន យើងត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការ»។
ពាក់ព័ន្ធបញ្ហានោះដែរមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក ( ADHOC ) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា ៖ បើទោះបីជាមានការព្រមាន និងបទបញ្ជា ឲ្យទប់ស្កាត់បទល្មើសព្រៃឈើជាច្រើនសាក្តី ក៏ប៉ុន្តែមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិ មិនបានអនុវត្តឲ្យគ្រប់ជ្រុងជ្រោយនោះទេ ។
លោកបន្តថា ៖ ការមិនអនុវត្តច្បាប់ព្រៃឈើ បានក្លាយជាជំងឺមហារីកធ្ងន់ធ្ងរក្នុងសង្គម ខណៈដែលមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលទទួលខុសត្រូវរឿងទប់ស្កាត់បទល្មើសព្រៃឈើ នៅតែទទួលប្រយោជន៍ពីបទល្មើសព្រៃដដែលៗ ធ្វើឲ្យធនធានធម្មជាតិវិនាសមហន្តរាយ៖ «ប្រសិនជា សម្ដីថ្នាក់ដឹកនាំ បញ្ជាចោល ហើយថា ចោលដោយពុំមានទោសពៃរ៍ មិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានទេ។ ជាគំរូក្នុងសង្គមអ្នកណាហ៊ានអ្នកនោះក្លាយជាឧកញ៉ា និងមន្ត្រីជាន់ខ្ពស់ ។ អ៊ីចឹងមិនមែនមានន័យថា ការព្រមាន និងបទបញ្ជា ធ្វើឲ្យមន្ត្រីថ្នាក់ក្រោមខ្លាចទេ »។
ថ្មីៗនេះកន្លងទៅ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ លោក ស ខេង បានថ្លែងទទួលស្គាល់ពីការកាប់ឈើពីខាងក្រៅ បន្លំចូលបាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកកម្ពស់ ៧០ ម៉ែត្រជាយូរមកហើយ។ លោកបានស្នើឲ្យអាជ្ញាធរជំនាញគួរពិនិត្យមើលអាជីវកម្មនេះឡើងវិញ ក្រោយពីលោកទទួលបានលិខិតមួយច្បាប់ ទាក់ទិនអាជីវកម្មឈើនៅតំបន់នោះ៖ «ខ្ញុំសួរហាស សារ៉េត ទៅប្រមូលបាតអាងអីទៀត បើបាតអាងសល់ទឹក ៧០ ម៉ែត្រ។ វាមិនមែនសម្អាតបាតអាង វាទៅកាប់ឈើនៅអីណាណី ថាសំអាតបាតអាង។ វារីអគ្គិសនីធ្វើយូរហើយ នៅតែសំអាតបាតអាងមិនទាន់ចប់»។
ដោយឡែកបញ្ហានោះដែរ ក្រុមប្រជាពលរដ្ឋ NGO និង មន្ត្រីសង្គមស៊ីវិលមើលឃើញថា ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់ឆ្ងាយ រួចបន្លំចូលបាតអាងបានកើតមានឡើងជាប្រព័ន្ធច្រើនឆ្នាំមកហើយ នៅពុំទាន់មានស្ថាប័នជាតិណាមួយបង្ហាញជំហរច្បាស់លាស់ស៊ើបអង្កេតឲ្យមានការទទួលខុសត្រូវនោះទេមកទល់ពេលនេះ ដោយសារតែក្រុមអ្នករកស៊ីបទល្មើសព្រៃឈើទាំងនោះភាគច្រើនជាមន្ត្រីអ្នកមានអំណាច ឧកញ៉ា ស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជាលោកឧកញ៉ា គិត ម៉េង ជាដើម ដែលគេមិនសង្ឃឹមថា ៖ កាអនុវត្តច្បាប់ក្រោមឃ្លៀករបស់លោកនាយករដ្ឋ អាចមានប្រសិទ្ធិភាពទៅលើក្រុមឧកញ៉ាបទល្មើសព្រៃឈើមួយចំនួននោះ មានប្រសិទ្ធិភាពនោះទេ ! ៕