វាមិនមែនធម្មតាទេ ដែលឈ្មួញក្រុមហ៊ុនធម្មតា បានក្លាយទៅជាមេឈ្មួញបទល្មើសព្រៃឈើ យ៉ាងធំ ។ បានន័យថាពីឈ្មួញរកស៊ីស្របច្បាប់ឧកញ្ញ៉ា គិត ម៉េង បានក្លាយទៅជាមេឈ្មួញរកស៊ី បទល្មើសព្រៃឈើយ៉ាងកំរោលបំផុត ដែលគេមិននឹកស្មានថាឧកញ្ញ៉ា គិត ម៉េង ហ៊ានរកស៊ីដាក់ទុន យកកិត្តិយសរកស៊ីសុច្ចរិត ទៅប្រឡាក់ប្រឡូកជាមួយបទឧក្រិដ្ឋ បទល្មើសព្រៃឈើយ៉ាងភ្ញាក់ផ្អើល ពាស់ពេញពិភពលោក យ៉ាងមិនគួរឲ្យជឿសោះ ។
អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះ ថ្មីៗនេះគេបានឃើញឧកញ្ញ៉ា គិត ម៉េង ទំនងដូចជា ប្រគល់សិទ្ធិទៅអោយបងថ្លៃរបស់ខ្លួនឈ្មោះ លុច ជាមេការ ព្រមទាំងដៃជើងមានឈ្មោះ សេង និងប្រពន្ធ និងផ្កាយ៣អង្គរក្សឈ្មោះ ម៉ឹក សុផាន់ណារ៉េត (ហៅ ជ័យ ) ចាប់ផ្តើមប្រមូលកាប់បំផ្លាញ ព្រៃឈើក្រៅតំបន់ បាត អាង មកបន្លំដាក់ក្នុងក្រុមហ៊ុន យ៉ាងអនាធិបតេយ្យបំផុត ! មិនតែប៉ុណ្ណោះ សូម្បីតែសមត្ថកិច្ចជំនាញពាក់ព័ន្ធ ប្រចាំតំបន់ក៏បានក្លាយទៅជាអង្គរក្សយាមការពារមើលផ្លូវរងចាំ លើកដៃ ទទួលកញ្ចប់សំណូក បទល្មើសព្រៃឈើ តាមរយៈលោកមេការឈ្មោះ លុច និងកូនជឹងឈ្មោះ សេង នឹងប្រពន្ធ យ៉ាងរលូនជាប្រចាំជើង ប្រចាំខែ ប្រចាំថ្ងៃ យ៉ាងមមារញឹកបំផុត ដោយមិនខ្ចីខ្វល់ ពីតួនាទីដែលរដ្ឋាភិបាលដាក់ចុះអោយខ្លួន ទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ហើយថែមទាំងធ្វើខ្លួន អោយក្លាយទៅជាពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ជាមួយនិងក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ របស់ឧកញ្ញ៉ា គិត ម៉េង សំអាតបាតអាងសេសានក្រោមពីរ យ៉ាងអនាធិបតេយ្យបំផុត ដែលគួរតែថ្នាក់លើ រដ្ឋាភិបាលកម្ពុជា និងក្រសួងជំនាញពាក់ព័ន្ធមិនគួរនឹងមើលរំលងនោះទេ ! ។
តាមការទំលាយផ្ទៃក្នុង នៃរបាយការណ៍បានអោយដឹងថា ៖ កិច្ចសន្យានៃការចុះកុងត្រា ប្រមូល ស្តារ បាត អាង ដែលមានចំនួន ៧០ទៅ៧៥ លានដុល្លារ ។ ហើយដែលគ្រាន់តែប្រភពផ្ទៃក្នុងខ្សឹបថា គ្រាន់មួយឆ្នាំ ក្រុមហ៊ុន អាំង អែន អាសូស៊ីអែត ឡយ័រ របស់ឧកញ្ញ៉ា គិត ម៉េង បានចំណេញកប់ក្តោង រាប់សិបលានដុល្លារ ពីការស្តារ បាត អាង វារីអគ្គីសនីសេសានក្រោមពីរ គុណនឹងដប់ដង មិនចាំបាច់ ដល់សព្វថ្ងៃរយៈពេល៧ឆ្នាំនោះទេ ។
ជាថ្មី សកម្មភាពកាប់បំផ្លាញព្រៃឈើខាងក្រៅតំបន់ បាត អាង នៃទំនប់វារីអគ្គិសនីសេសាន ក្រោមពីរ បានចាប់កក្រើកឡើងវិញយ៉ាងគ្រឹកគគ្រេងសារជាថ្មីទៀតហើយ បន្ទាប់ពីរាជរដ្ឋាភិបាល កម្ពុជា ចេញសេចក្តីសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចបន្តឈូសឆាយសំអាត ទីតាំងវិនិយោគ ព្រមទាំងប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើ ដែលបានមកពីការឈូសឆាយ កាលពីថ្ងៃទី៣០ខែសីហាកន្លងទៅថ្មីៗ។ មិនតែប៉ុណ្ណោះ ករណីនេះត្រូវបានក្រុមអ្នកឃ្លាំមើលព្រៃឈើ ដាក់ការសង្ស័យថា អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកបើកដៃបន្តឲ្យមាន ការកាប់បំផ្លាញព្រៃឈើពីក្រៅតំបន់បាតអាងបែបនេះ។
ប្រភពសហគមន៍ជនជាតិដើមភាគតិចមួយរូបរស់នៅឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ឲ្យគេហទំព័ពន្លឺខ្មែរដឹងថា រយៈ ពេលជាងដប់ថ្ងៃមកហើយគាត់ឃើញសកម្មភាពដឹកជញ្ជូនឈើតាមទឹកនិងបន្តដឹកតាមរថយន្តប្រកុង ចូលក្នុងទីតាំងរោងម៉ាស៊ីនអារឈើក្បែរទំនប់វារីអគ្គិសនី បានចាប់ផ្តើមគគ្រឹកគគ្រេងឡើងវិញហើយ ហើយថាឈើទាំងនោះគេកាប់ចេញពីព្រៃឧទ្យានជាតិវីរៈជ័យ ដែលស្ថិតនៅជាប់ព្រំដែនឡាវក្នុងស្រុកសៀមប៉ាង។
តាមប្រភពកម្មករអារឈើមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅឧកញ៉ាខ្នា និងលោក ឧត្តមសេនីយ៍ យោធាមួយរូបឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅជ័យ បានទទួលអាជ្ញាសិទ្ធិពិសេសពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់អ្នកឧកញ៉ាគិត ម៉េង ក្នុងការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនចូលមកក្នុងទីតាំងស្តុក ដ៏ធំមហិមាមួយកន្លែងចម្ងាយ៣គីឡូម៉ែត្រខាងជើងទំនប់វារីអគ្គិសនី ដេីម្បីអារច្រៀក រួចលើកឡើងរថយន្តយីឌុប ដឹកបន្តយកទៅលក់នៅព្រំដែនប្រទសវៀតណាម។
ដោយឡែក ប្រភពខាងលើបន្តថា ឈ្មោះ សេង និងប្រពន្ធ ជាមេការក្រុមហ៊ុន [Royal Group] របស់អ្នកឧកញ៉ា គិត ម៉េង និងលោក សាន ចយជាមេការរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា និងឈ្មោះ ឃុយ ជាមេការរបស់ឧត្តមសេនីយ៍ ម៉ឹក សុផាន់ណារ៉េត បានកៀងគរពលរដ្ឋរាប់ពាន់នាក់ប្រដាប់ដោយម៉ាស៊ីនត្រង់សុីន័ររាប់រយគ្រឿងនិងរថយន្តប្រកុងរាប់រយគ្រឿង ឲ្យចូលទៅ កាប់ឈើក្នុងព្រៃសហគមន៍និងព្រៃឧទ្យានជាតិវីរៈជ័យដែលការពារដោយព្រះរាជក្រិត្យយ៉ាងអនាធិបតេយ្យ ហើយដឹកជញ្ជូនចូលទៅក្នុងតំបន់បាតអាង ដើម្បីប្រែក្លាយឈើទាំងនោះឲ្យទៅជាឈើស្របច្បាប់។
បើតាមប្រភពកម្មករដដែលរូបនេះបន្ថែម តាមការប៉ាន់ស្មានឈើគ្រប់ប្រភេទដូចជា ធ្នង់ សុក្រំ ស្រឡៅ គគី កកោះ និងឈើទាល ឈ្លីក មិនតិចជាង២ម៉ឺនម៉ែត្រគូបនោះទេ ដែលគេស្តុកទុកក្នុងបរិវេណដ៏ធំរាប់គីឡូដីខាងលើ បន្ទាប់ពីរាជរដ្ឋាភិបាលបិទមិនឲ្យមានការដឹកជញ្ជូនឈើកាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៨ ហើយបរិវេណនេះត្រូវបានគេដាក់កម្លាំងប្រដាប់អាវុធយាមកាមគ្រប់ច្រកមិនឲ្យអ្នកក្រៅចូលឡេីយ។
ពាក់ព័ន្ធបញ្ហានោះ ប្រជាសហគមន៍បានលើកឡើងថា ព្រៃឈើដែលជាប្រភពផល អនុផលរបស់ជនជាតិដើមភាគតិច បានបាត់បង់ទាំងស្រុង ហើយបច្ចុប្បន្ននៅសេសសល់តែឈើមិនទាន់គ្រប់អាយុ និងគ្មានតម្លៃលើទីផ្សារ។
ទាក់ទិនបញ្ហានេះដែរ សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា សម្ដែងការសោកស្តាយ ពីវិនាសកម្មព្រៃឈើនៅតំបន់នោះ ដែលកម្ពុជាមានច្បាប់ស្ដីពីព្រៃឈើ និងមានមន្ត្រីជំនាញពាក់ព័ន្ធជាច្រើន ដែលមានភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើ អនុលោមតាមច្បាប់កំណត់ ក៏ប៉ុន្តែធាតុពិត ការលប់បំបាត់បទល្មើសព្រៃឈើ គឺគ្មានប្រសិទ្ធភាព បង្កឲ្យក្រុមជនខិលខូច និង អ្នកមានឥទ្ធិពល នៅតែមានឱកាសបំផ្លាញព្រៃឈើខុសច្បាប់ដដែលៗ។
លោកបន្តថា៖ «បើថ្នាក់ ដឹកនាំនៅបន្តមិនយកចិត្តទុកដាក់ បណ្ដោយឲ្យក្រុមទាំងអស់នោះ នៅតែបំផ្លាញធ្វើឲ្យធនធាន ធម្មជាតិហិនហោចទៅ និងប្រព័ន្ធច្បាប់កាន់តែធូររលុង គ្មានឥទ្ធិពលអីទៅចាត់វិធានការច្បាប់លើជនដែលបំផ្លាញធនធានធម្មជាតិទាំងអស់ហ្នឹងទេ»។
គួររំលឹកថា៖ ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានទំហំ ៣៦.០០០ ហិកតា ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ ( Ang & Associates Lawyer Co ., Ltd ) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។
ផ្ទុយទៅវិញ ប៉ុន្តែពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលរកឃើញថា ក្រុមហ៊ុនបានដឹកឈើពីខាងក្រៅចូលផ្ទៃអាង ជាលេសថា សំអាតបាតអាង និងដើម្បីបម្លែងជាឈើស្របច្បាប់ កើតមានច្រើនឆ្នាំណាស់មកហើយ ដោយឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង រហូតដល់ថ្នាក់ជាតិ។ សកម្មជនបរិស្ថានរកឃើញថា ក្រុមហ៊ុននេះបានដឹកឈើ មូលធំៗចេញពីតំបន់ឧទ្យានជាតិវីរៈជ័យ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងស្រុកវេីនសៃខេត្តរតនគិរី ជាប់ព្រំដែនឡាវ ចូលក្នុងបាតអាង ដើម្បីបម្លែងជាឈើស្របច្បាប់ រួចដឹកទៅលក់នៅព្រំដែនប្រទេសវៀណាម។ ហើយគេនៅចាំបានថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយច្បាប់លេខ៩៥២ សជណ កស ជម្រាបជូន រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរ៉ែនិងថាម ពល ថារាជរដ្ឋាភិបាលបានយល់ព្រមអនុញ្ញាត ឲ្យក្រុមហ៊ុនគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច បន្តឈូសឆាយសំអាតទីតាំងវិនិយោគ ព្រមទាំងប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើហើយ ដែលពាក់ព័ន្ធនិងព័ត៌មានខាងលើ ភាគីគ្រប់ពាក់ព័ន្ធព្រមទាំងលោកឧកញ្ញ៉ា គិត ម៉េង ការិយាល័យរបស់យើង មិនអាចសុំកាទំនាក់ទំនងបានទេក្នុងថ្ងៃនេះ ៕
ដោយ ស្ទាំងស