រាជធានីភ្នំពេញ ៖ ថ្មីៗនេះតាមក្រុមអ្នករត់ការឯកសារ នាំចូលទំនិញតាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានឲ្យដឹងថា ៖ លោក លាង ហៃ ដែលពូកែតូ បានតណ្ដើមចូលកាន់តំណែងជា ប្រធានការិយាល័យគយប្រចាំច្រកនេះ ជំនួសលោក ហ៊ីវ សុធារិទ្ធ មិនបានប៉ុន្មានភ្លើងផង ក៏ចាប់ផ្ដើមសាងភាពល្បីល្បាញប្រព្រឹត្តអំពើពុករលួយស្រង់ដើមវិញភ្លាមៗ យ៉ាងឆាប់រហាស់មិនចាញ់លោក ហ៊ីវ សុធារិទ្ធ ប៉ុន្មាននោះទេ ! មិនធម្មតាមែន !។
ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានខ្សឹបឲ្យការិយាល័យយើងដឹងថា ៖ តាមសកម្មភាពបច្ចុប្បន្នលោក លាង ហៃ បានកំពុងរៀបចំបណ្ដាញប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធយ៉ាងពេញបន្ទុកដោយតម្រូវឲ្យមានការបង់លុយសម្រាប់ឯកសារប្រតិវេទន៍គយ ក្រោមតុបន្ដ ដែលក្នុងមួយឯកសារៗ ចាប់ពី៣៥ដុល្លាររហូតដល់ ៧៥ ដុល្លារ និងតាមឯកសារខុសឆ្គងបទល្មើសគោះគាបយកទៅតាមតែទំនើងចិត្តផងដែរ ។
តាមប្រភពដដែលបានឲ្យដឹងទៀតថា ៖ ការបង់លុយពី ៣៥ទៅ៧៥ដុល្លារ គឺសម្រាប់ឯកសារដែលគ្មានកំហុសឆ្គង ចំណែក ឯកសារដែលមានកំហុសតិចតួចឫ ឯកសារបន្លំ ផ្លាកសញ្ញា យីហោ យថាប្រភេទមុខទំនិញនោះ នឹងត្រូវក្រុមមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោក លាង ហៃ ចាត់ទុកជាឆ្នាំងបាយ គាប ជម្រឹតយកលុយ ធ្វើមានបានផ្ទាល់ខ្លួន ពីអ្នករត់ការឯកសារនាំចូលទំនិញយ៉ាងពេញបន្ទុកតែម្តង ។ ហើយដែលបញ្ហានេះគឺកើតមានឡើងជាឋានានុក្រមបន្តបន្ទាប់របស់នាយគយតាមឋានះធ្វើមានបានពីលើតួនាទី នឹងជំនាញលើការប្រមូលពន្ធ ដែលប្រភពគេបានខ្សឹបបង្ហើបអោយដឹងថា ៖ សូម្បីតែឋានះត្រឹមជានាយការិយាល័យគយធម្មតាសោះ ស្រាប់តែមានធនធានស្មើ នឹងឧកញ៉ា មានលុយចំណាយទិញកៅអីជានាយការិយាល័យគយច្រកទ្វារព្រះលានយន្ដហោះ ពោធិ៏ចិនតុង ភ្នំពេញ ដល់ទៅរាប់សឹបលានដុល្លារ នោះ ពិតជាមិនធម្មតាដូចគេថាមែន ។
បើតាមប្រភពបានបន្តថា ៖ បញ្ហានេះគឺជារឿងដែលលោក បណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគួរតែមើលរំលងពាក្យចចាមអរាម ឫមន្ត្រីបរាជ័យមិនបានតំណែងចេះតែថាទេ ។ ហើយដែលបញ្ហានេះគួរតែលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរនឹងមើលរំលងពីសកម្មភាពយ៉ាងអសកម្មរបស់បុគ្គល លាង ហៃ ដែលកំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងងងើលនោះទេ ! ។
មិនតែប៉ុណ្ណោះមកទល់ពេលនេះអាចនិយាយបានថាលោក លាង ហៃ កំពុងអនុវត្តន៍តាមរូបមន្តពុករលួយរបស់លោក ហ៊ីវ សុធារិទ្ធ យ៉ាងខ្ជាប់ខ្ជួនគឺខំប្រឹងប្រមូលលុយតាមច្រើនរូបភាព ដើម្បីស្រង់ដើម ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់បើទោះជាក្រុមប្រព័ន្ធផ្សព្វផ្សាយ បានចុះផ្សាយតាមប្រភពឈ្មួញរងគ្រោះដែលទម្លាយពីបទល្មើសគយជម្រឹតយកលុយយ៉ាងអនាធិបតេយ្យបែបណាក៏ដោយ ។ ប៉ុន្តែមកទល់ពេលនេះដោយសារតែអំណាចលុយពុករលួយមហាសាលទើបធ្វើអោយបុគ្គលនេះអាចនូវក្រាញអំណាចប្រព្រឹត្តអំពើពុករលួយទៀតបាន ពិតជាមិនធម្មតាដូចប្រភពទម្លាយមែន ដែលក្រៅពីអំណាចលុយមហាសាលអាចយកទៅទិញតំណែងរឹងមាំទៅ គាត់ក៏ពិតជាមានបង្អែកពាំងនូវពីក្រោយយ៉ាមហិមាផងដែរ ។
គួររំលឹកផងថា ៖ មកដល់ពេលនេះគេពុំដឹងថា ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក លាង ហៃ ប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បែបណាទេ បើគាត់ជាមន្ត្រីគយដែលមានអំណាចលុយ និងខ្នងបង្អែកដ៏មហាសាលបែបនេះ គេសួរថា ៖ រឿងអីអង្គភាពប្រឆាំងអំពើពុករលួយមានសមត្ថភាពទៅគាស់រំលើងអំណាចរបស់គាត់បានទៅនោះ មហាជនគ្មានជំនឿនោះទេ ! ។
បញ្ហានេះហើយទើបមានការអំពាវនាវពីសំណាក់ក្រុមមន្ត្រីសកម្មគយស្នើសុំឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ គួរតែចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក លាង ហៃ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាបន្ទាន់ មិនត្រូវមើលរំលងសកម្មភាពក្រអឺតក្រទមរបស់បុគ្គលនោះទៀតទេ ។
បើតាមការអះអាងពីអ្នករត់ការឯកសារនាំចូលទំនិញផ្សេងៗក៏ដូចជាអ្នករត់ការនាំចូលទំនិញវិនិយោគបានឲ្យដឹងថា ៖ សម្រាប់ទំនិញវិនិយោគនាំចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធម្មតាដែលគ្មានកំហុសឆ្គង ដាច់ខាតត្រូវតែបង់លុយប្រមាណ ៧៥ ដុល្លារជាកំហិត ទៅអោយក្រុមភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាររបស់មេគយ លាង ហៃ ។ ហើយដែលក្នុងរបាយការណ៏ និងឯកសារទម្លាយនោះទី១-ត្រូវបង់លុយ៥ដុល្លារសម្រាប់មន្ត្រីគយទទួលផែនចុះលេខឈ្មោះ ធឿន ។
ទី២-បង់លុយចំនួន២០ដុល្លារសម្រាប់គណនេយ្យឈ្មោះ សារ៉ាន់ ។
ទី៣-ត្រូវបង់លុយ១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិង១០ដុល្លារទៀតផ្នែកកូនចៅមន្ត្រីគយខាងត្រួតពិនិត្យ។
ទី៤-ត្រូវបង់លុយ២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះឯកសារ ។
ទី៥-ត្រូវបង់ឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារ ជាកិច្ចបញ្ចប់ដោយមិនអាចតវ៉ាបានឡើយ ។ ហើយក្រៅពីនោះសម្រាប់កំហុសឆ្គង និងយថាប្រភេទទំនិញខុសឆ្គង មិនស្របច្បាប់និងត្រូវបង់លុយពុករលួយយ៉ាងធ្ងន់ធ្ងរប្រសិនបើជានិយាយជាមួយនិងមេគយធំ លាង ហៃ មិនត្រូវគ្នានោះ គឺចប់រឿង ឫចាប់បទល្មើសនោះតែម្ដង ។ ហើយទាក់ទិនព័ត៏មានខាងលើអ្នកសារព័ត៏មានយើងមិនអាចសុំការពន្យល់ពីលោក លាង ហៃ បាននោះទេដោយទូរស័ព្ទខលចូលមិនលើក ៕
ដោយ ស្ទាំង ស