ខេត្តសៀមរាប ៖ ថ្មីៗមានករណីបែកធ្លាយបើកកកាយរិះគន់យ៉ាងឥតសំចៃថា ៖ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាបត្រូវបានផ្ទៃក្នុងបកអាក្រាតបង្ហាញក្រុមអ្នកសារព័ត៌មាន អោយជួយចុះផ្សាយជាច្រើនអង្គភាពលាតត្រដាងពីអំពើពុករលួយ អត្ថនោម័ត នឹងផ្ដាច់ការទៅលើបុគ្គលិកផ្ទៃក្នុងការងារជាច្រើនករណី និងការអសមត្ថភាពផងដែរ ។
មិនតែប៉ុណ្ណោះ មិនត្រឹមតែផ្ដាច់ការនិយម បក្ខពួកជាធំធ្វើការងារតែបក្ខពួករបស់ខ្លួនប៉ុណ្ណោះទេ គឺលោកប្រធាន ក៏ត្រូវបានរងការរិះគន់ពីសំណាក់ក្រុមមន្ត្រីក្រោមឱវាទថា បានបើកដៃ ឲ្យឈ្មួញនាំចូលជ្រូកពីស្រុកយួន ចូលមកចែកចាយ នៅខេត្តសៀមរាប យ៉ាងអាណាធិបតេយ្យបំផុត ដោយគ្មានការ ត្រួតពិនិត្យ នឹងទប់ស្កាត់សូម្បីបន្តិច ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា៖ គឺលោក ព្រំ វិច ដែលជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មិនត្រឹមតែទទួលរងរិះគន់ថា ៖ ខ្វះវិធានការវិជ្ជាជីវប្រើការងារមន្ត្រីជំនាញពេទ្យសត្វអោយមានប្រសិទ្ធិភាពប៉ុណ្ណោះទេ ថែមទាំងប្រព្រឹត្តអំពើពុករលួយជាមួយមេក្រុមឈ្មួញដេប៉ូកាប់ជ្រូក ដោយតម្រូវអោយក្រុមឈ្មួញទាំងនោះចូលមកបង់លុយខែយ៉ាងត្រូវប៉ាន់បំផុត ។
គួរបញ្ជាក់ថា ៖ ជាធម្មតាគឺលោកនាយត្រូវតែដាក់បទបញ្ជាមន្ត្រីអោយចុះទៅតាមគោលដៅពិនិត្យតាមកន្លែងកាប់សត្វជ្រូក ទីតាំងលក់មាន់ទា ដែលនាំចូលមកពីប្រទេសយួន និងប្រទេសថៃ ។ ប៉ុន្ដែដឹងស្អីបែរជាលោកប្រធានងាប់ត្រគាក ហៃអើៗដេកចាំតែទទួលស្រោមសំបុត្រ ផលប្រយោជន៏បង់ខែ ដែលក្រុមឈ្មួញបង់អោយក្នុងមួយខែៗរាប់សឹបលានរៀល យ៉ាងរលូនដោយមិនខ្វល់ពីច្បាប់កំណែទម្រង់ស្អីគេនោះទេ ។
តាមប្រភពដដែលអោយដឹងទៀតថា ៖ គេពុំដឹងពីចំណាត់ការរបស់លោកនាយពេទ្យសត្វខេត្តនេះ មានវិធានការបែបណាទេ ទៅលើពួកក្រុមឈ្មួញអាជីវករខុសច្បាប់ទាំងនោះ ទើបបានបណ្ដោយអោយក្រុមឈ្មួញចេះតែនាំចូលសត្វជ្រូក មកពីប្រទេសយួន យកមកកាប់លក់យ៉ាងពេញបន្ទុកនៅតាមបណ្ដាទីផ្សារ ខេត្ត /ក្រុង និងតាមទីផ្សារនានា ក្នុងខេត្តសៀមរាបទាំងមូលយ៉ាងគគ្រឹគគគ្រេង ដោយមិនខ្វល់ពីការប៉ះពាល់សុខភាពសាធារណះសូម្បីបន្ដិចណាសោះ ។
មិនតែប៉ុណ្ណោះប្រភពអោយដឹងទៀតថា ៖ ដូចជានូវមានពេលខ្លះ គឺជ្រូកនាំចូលបានងាប់មុនការកាប់លក់ទៅទៀត មិនដឹងមូលហេតុ។ ហើយដែលករណីនេះវាគឺជាបញ្ហាមួយដែលបារម្ភដល់សុខភាពសាធារណះ គួរតែ អគ្គនាយកផលិតកម្ម និងបសុព្យាបាលពេទ្យសត្វ ចំណុះក្រសួងកសិកម្ម មិនត្រូវព្រងើយមើលរំលងពីទង្វើអសកម្មរបស់មន្ទីរកសិកម្មខេត្ត និងក្រុមពេទ្យសត្វ និងបសុព្យាបាលខេត្តសៀមរាបនោះទេ។
ជាការកត់សម្គាល់មកទល់ពេលនេះ បើទោះបីជាមានករណីមិនប្រក្រតីជុំវសិញការនាំសត្វជ្រូកចូលក៏ដោយ ដែលគេសង្ស័យថា ៖ ជាប្រភេទជ្រូកមានជំងឺក្ដី ជ្រូកជំងឺឆ្លងក្ដី ប៉ុន្ដែក៏មិនត្រូវបានមន្ត្រីជំនាញពេទ្យសត្វក្រោមការដឹកនាំរបស់លោកព្រំវិចធ្វើការត្រួតពិនិត្យនោះឡើយ។ ហើយជាទូទៅចំពោះសុខភាពសាធារណះគឺប្រជាពលរដ្ឋ មានការភ័យខ្លាច យ៉ាងខ្លាំងនៃការឆ្លងជំងឺផ្សេងៗពីសត្វជ្រូកត្រីសាច់ ដែលនាំមកពីក្រៅប្រទេសជិតខាង គឺប្រទេសយួន និងប្រទេសថៃ នោះឯង។
ផ្ទុយពីក្រុមមន្ត្រីជំនាញពេទ្យសត្វ ខេត្តសៀមរាបនេះវិញ មិនបានយកចិត្តទុកដាក់ ត្រួតពិនិត្យចំពោះការនាំចូលរបស់ក្រុមឈ្មួញអោយបានម៉ត់ចត់នោះហើយទើបបណ្ដាលអោយក្រុម ប្រជាពលរដ្ឋ ធ្វើការរិះគន់យ៉ាងឥតសំចៃ មាត់។
ផ្ទុយទៅពាក់ព័ន្ធទៅនឹងការរិះគន់ំពីសំណាក់ប្រជាពលរដ្ឋនេះលោកព្រំវិចធ្លាប់បានលើកឡើងឲ្យ ដឹងថា ៖ ការនាំចូលសត្វជ្រូក មកពិឃាដនៅសៀមរាបបច្ចុប្បន្នមានក្រុមហ៊ុន ៣ ធំៗ គឺ ក្រុមហ៊ុនស៊ីភី,អង្គរសុខសារឹទ្ធ និងក្រុមហ៊ុនចន្ធូមានជ័យ ។ ហើយដែលល្បីថា ៖ គេមានច្បាប់ពីក្រសួងត្រឹមត្រូវ និងក៏មានអាជីវករក្នុងស្រុកមួយចំនួនផងដែរ ដែលនាំចូលពីបណ្ដាខេត្តនានា និងមានលិខិតស្នាមត្រឹមត្រូវដែលចេញដោយការិយាល័យជំនាញ ៕ ដោយ ស្ទាំងស