ស្ថាប័ន​រដ្ឋសភា​គួរ​តែកោះ​​ហៅ​លោ​ក ម៉ម ប៊ុនហេង ទៅបំភ្លឺ​ពីរឿង​​អាស្រូវ​ពុក​រលួយ​និងបក្ខ​ពួក​និយម​កើត​មាននៅ​ក្រសួង​សុខា​ភិបាល

វាជារឿងមួយគួរឱ្យខ្មាសអៀនខ្លាំងណាស់ នៅពេលដែលមូលនិ ធិសកល បានចេញរបាយ​ការណ៍​ស៊ើប អង្កេតមួយ បង្ហាញ​ភស្តុតាង​ជាច្រើន ទាក់ទងនឹង បណ្តាញ​ប្រព្រឹត្ត​អំពើពុក​រលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​នៅក្នុង ក្រសួងសុខា ភិបាល  ដែលគ្រប់គ្រង​ដោយ​លោក ម៉ម ប៊ុនហេង ធ្វើឱ្យម្ចាស់​ជំនួយ​ជា​ច្រើន​ទៀត អស់ជំនឿ​ទុកចិត្តលើ​រដ្ឋាភិបាល​កម្ពុជា ដែល​អនុវត្តន៍គម្រោងមិនត្រឹមត្រូវបង្កើតឱ្យមានការកិបកេងប្រាក់ ជំនួយ​យកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ឬការ​ចាយប្រាក់ជំនួយខុសគោលដៅ ដែលគេចង់ឃើញរដ្ឋសភាកោះហៅលោក ម៉ម ប៊ុនហេង ឱ្យទៅបំភ្លឺពាក់ព័ន្ធរឿង​អាស្រូវ​​ពុករលួយនិងភាពមិនប្រក្រតីទាំងនេះ ឡើងវិញផង ដើម្បីជាគំរូល្អ​សម្រាប់មន្ត្រីក្នុង​ស្ថាប័ន​ដទៃទៀតកុំឱ្យ យក​តម្រាប់​តាម និងហ៊ានប្រព្រឹត្តអំពើពុករលួយបែបនេះទៀត ។

ប្រភពព័ត៌មានពីក្រុមមន្ត្រីក្រសួងសុខាភិបាលជាច្រើន បានសម្តែងការមិនពេញចិត្តចំពោះការដឹកនាំមិនត្រឹមត្រូវរបស់ លោក ម៉ម ប៊ុនហេង ដូចជាករណីចុងក្រោយនេះ លោកជំទាវបានលូកដៃចូលក្នុងកិច្ចការក្រសួង ដោយដកក្រុម​មន្ត្រី​អ្នក​ចេះ ដឹងមានការឱបក្រសោបតែមន្ត្រីខិលខូចដែលចេះរណេបរណបឡេមឡឺម ឱបដៃឱបជើងលោកជំទាវ ឬជា​មនុស្ស​ជំនិតរបស់ លោក ម៉ម ប៊ុនហេង ឱ្យចូលកាន់ការងារជំនាញសម្ងាត់ៗ។

បើប្រៀបធៀបចំពោះការដឹកនាំរបស់ លោក ម៉ម ប៊ុនហេង ទៅនឹងសម័យដែលលោក ឈា ថាំង និងលោក នុត សុខុម គឺជាអតីតរដ្ឋមន្ត្រី បានធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺខុសគ្នាឆ្ងាយដូចមេឃនិងដី ហើយគេចាំបានថា លើកទឹកចិត្ត ដល់អ្នកចេះដឹងធ្វើឱ្យមន្ត្រីស្អាតស្អំ មានកម្លាំងចិត្តធ្វើការងារ​បម្រើក្រសួង ហើយក៏មានការចាត់តាំងមន្ត្រីឱ្យបំពេញ​ការ​ងារទៅ តាម ជំនាញនិងសមត្ថភាពយ៉ាងតម្លាភាពបំផុត ។

ផ្ទុយទៅវិញរហូតមកដល់សម័យដែលលោក ម៉ម ប៊ុនហេង កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលរយៈពេល ២ អាណត្តិ កន្លងមកនេះ កើតមានភាពអសកម្មនិងអំពើពុករលួយពេញបន្ទុកគ្រប់ផ្នែក គ្រប់ផែនជំនាញទាំងអស់ សូម្បី​តែ​ក្រុម មន្ត្រីទាំងតូចទាំងធំនៅក្នុងក្រសួងសុខាភិបាល ក៏មិនពេញចិត្តចំពោះលោកជំទាវ​រដ្ឋមន្ត្រីដែល​តែងតែលូកដៃ​ជ្រៀត​​ជ្រែក ការងាររបស់ក្រសួងតាមអំពើចិត្ត រហូតដល់មន្ត្រីមួយចំនួនដើរនិយាយតាមតុកាហ្វេថា ក្រសួងសុខា​ភិបាល​សព្វថ្ងៃនេះ កំពុងស្ថិតក្រោមការដឹកនាំគ្រប់គ្រងដោយលោកជំទាវ។

ប្រភពក្រុមមន្ត្រីតូចតាចបានបញ្ជាក់ថាចាប់តាំងពីលោក ម៉ម ប៊ុនហេង បានឡើងធ្វើជារដ្ឋមន្ត្រីក៏ចាប់ផ្តើមឱ្យមាន ប្រព័ន្ធ​ពុករលួយមានការ បោះបង់ចោលបញ្ញវន្ត អ្នកចេះដឹងដែលគ្មានបក្ខពួក គ្មានខ្សែទុយោ​ខណៈដែល​លោក​ជំទាវបាន​លូក​ដៃ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ក្រសួង ហើយកន្លងមកក៏មិន​ដែលមានលិខិតបង្គាប់ការណាមួយ​តែងតាំងលោក​ជំទាវ​ឱ្យជួយ ចាត់ ចែងការងារទូទៅក្នុងក្រសួងសុខាភិបាលនោះសោះ ។

បញ្ហានេះមានការបញ្ជាក់ផងដែរថា មន្ត្រីជាច្រើនជាមនុស្សជំនិតរបស់លោកជំទាវ និងចេះអែបអបលោករដ្ឋមន្ត្រី តាំងពី​ថ្នាក់អគ្គនាយក រហូតដល់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមួយចំនួន បែរជានាំគ្នាយក ក្រសួងសុខាភិបាលដែលជា ស្ថាប័នរដ្ឋដ៏សំខាន់មួយ ទៅធ្វើជាដើមទុនរកស៊ី បើកសាលាពេទ្យ បើកគ្លីនិក បើកក្រុមហ៊ុន រកស៊ីនាំចូលថ្នាំពេទ្យ បើក សិក្សា គម្រោង និងព្យាយាមប្រមែប្រមូលលុយ ពីតាមមន្ទីរពេទ្យរបស់រដ្ឋ ទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន យ៉ាង អនា ធិបតេយ្យបំផុត ហើយដែលករណី ជាក់ស្តែងរហូតដល់គ្លីនិញមួយចំនួន បើធ្វើអាជីវកម្មយ៉ាងអសមត្ថភាព ធ្វើឱ្យស្លាប់ បាត់បង់ជីវិតមនុស្សជា បន្តបន្ទាប់ដូចជា នៅប៉ោយប៉ែតថ្មីៗក្នុងខេត្តបន្ទាយមាន ជ័យឱ្យតែជាខ្សែលោកជំទាវ គឺសុទ្ធតែ គ្មានទោសទាំងអស់ ។

ដូចជា ករណីរឿងគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ពាក់ព័ន្ធនឹងរបាយការណ៍ស៊ើបអង្កេតកម្រាស់៨៣ទំព័រ របស់មូលនិធិ សកល ដែលលើកឡើងពីបណ្តាញប្រព្រឹត្តអំពើពុករលួយក្នុងក្រសួងសុខាភិបាល តាមរយៈការធ្វើរបាយ ការណ៍ភូត កុហក កិបកេងប្រាក់ជំនួយពីមូលនិធិសកល តាំងពីឆ្នាំ២០០៩ ក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង នោះ គឺសុទ្ធតែមានការពាក់ព័ន្ធ និងពុករលួយយ៉ាងស៊ីជម្រៅ និងជំទាវ និងលោក ម៉ម ប៊ុនហេង និងបក្ខពួកទាំងអស់ ។
យោងតាមរបាយការណ៍បានបង្ហាញអំពីលទ្ធផលនៃការស៊ើបអង្កេតលើប្រាក់ជំនួយដែល ផ្តល់ឱ្យស្ថាប័នចំណុះក្រសួង សុខាភិបាល ចំនួនជាង៨០លានដុល្លារ ដោយរកឃើញភស្តុតាងសំខាន់ៗជាច្រើន ដែលបញ្ជាក់ថា ការដេញថ្លៃមួយ ចំនួន មានភាពមិនប្រក្រតី ការកិបកេងប្រាក់ជំនួយ និងការប្រើប្រាស់មូលនិធិខុសគោលដៅ។ គ្រាន់តែអតីត ប្រធាន មជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ លោក ដួង សុជាតិ និងសហការីម្នាក់បានទទួលប្រាក់ សគុណជិត ៥ សែន ដុល្លារអាមេរិក ពីក្រុមហ៊ុនផ្គត់ផ្គង់មុងមួយ ឈ្មោះ វេសតឺហ្គាត ហ្វ្រេសសិន ដែលមានទីតាំងនៅប្រទេសស្វីស និងក្រុម ហ៊ុន សាំមីតូ ស៊ីមីសល របស់ប្រទេសសិង្ហបុរី ដែលក្រុមហ៊ុនទាំង២នេះ បានផ្តល់ប្រាក់សាគុណជូនលោក ដួង សុជាតិ ជាថ្នូរនៃការទទួលបានកិច្ចសន្យាផ្គត់ផ្គង់មុងនិង សម្ភារៈផ្សេងៗជូន ក្រសួងសុខាភិបាល។

ដោយឡែក មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលគ្រប់គ្រងការដេញ ថ្លៃគម្រោងមួយ បានទទួលប្រាក់សគុណជាភាគីក្រុមហ៊ុនមួយចំនួន១៥ភាគរយ ឬប្រហាក់ប្រហែល ៤ ម៉ឺនដុល្លារ អាមេ រិក នៃទឹកប្រាក់គម្រោងជាង៣២ម៉ឺនដុល្លារអាមេរិក។

ពាក់ព័ន្ធនឹងបញ្ហានេះគ្រាន់តែជាករណីពុករលួយតូចតាចមួយក្នុងចំណោមរាប់ពាន់ករណី ដែលកំពុងកើតមាននៅក្នុង ក្រសួង សុខាភិបាល ហើយគួរតែមានការកោះហៅលោក ម៉ម ប៊ុនហេង ទៅឆ្លើយនៅចំពោះមុខរដ្ឋសភាជាតិ ទាក់ទិន នឹង អំពើពុករលួយជាលក្ខណៈប្រព័ន្ធនិងភាពមិនប្រក្រតីនៃ ការគ្រប់គ្រងក្នុងក្រសួងសុខាភិបាល ដែលក្រុមមន្ត្រីបាន រិះគន់ ពីការលូកដៃជ្រៀតជ្រែកកិច្ចការក្រសួងពីសំណាក់លោក ជំទាវ ។

ដោយឡែកថ្មីៗនេះ លោក ហ៊ុន សែន បានប្រកាសអំពីការធ្វើកំណែទម្រង់ ហើយបានអំពាវនាវឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ រួមចំណែកលុបបំបាត់ អំពើពុករលួយ ប៉ុន្តែរឿងរ៉ាវពុករលួយជាលក្ខណៈប្រព័ន្ធ ដែលកំពុងកើតមានក្នុង ក្រសួងសុខា ភិបាល ក្រោមការគ្រប់គ្រងរបស់លោក ម៉ម ប៊ុនហេង ជារឿងសំខាន់មួយមិនគួរមើល រំលងទេ ហើយរដ្ឋសភាជាតិ គួរតែកោះហៅ លោក ម៉ម ប៊ុនហេង ទៅឆ្លើយបំភ្លឺពីរឿងរ៉ាវពុករលួយទាំងនោះ ក្នុងពេលឆាប់ៗ ដើម្បីបង្កើនជំនឿទុក ចិត្តសម្រាប់ម្ចាស់ជំនួយ ដទៃទៀត និងដើម្បីធានាថាគ្មានអំពើកិបកេង ថវិកាសម្រាប់គម្រោង ជំនួយដែលផ្តល់មកឱ្យ កម្ពុជា ទៀត និងជៀសវាងម្ចាស់ ជំនួយមូលនិធិគេផ្តាច់ជំនួយសង្គ្រោះនាំឱ្យកម្ពុជាជូបវិបត្តិ ព្រោះតែលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន គួរតែដឹងខ្លួនឯងថា កំពុងតែជួបវិបត្តិគ្រងតំណែងតែឯកបក្សផង ។/
ដោយ ៖ ស ជាតិ

morm_bunheng_04លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល