របាយ​ការណ៍​ថា ក្រុមហ៊ុន ទ្រី ភាព ធ្វើឱ្យ​អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖  អង្គការ​ក្រុមកិច្ច​ការ​ពិសេស សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​មួយ ដោយ​អះអាង​ថា ក្រុម ហ៊ុន របស់ លោក ឧកញ៉ា ទ្រី ភាព ជា​ក្រុម​ហ៊ុន ដែលមាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ដែលបាន​ទទួលដី សម្បទាន សេដ្ឋកិច្ច ជិត ៧ ម៉ឺនហិកតា តាមរយៈ​ការបំបែក​ក្រុមហ៊ុន​តូចៗចំនួន ១៥ គឺជា​ក្រុមហ៊ុន ដែលរក​ស៊ីនាំឈើ ទៅក្រៅ ប្រទេស​ជា ជាង ការ វិនិយោគ​នៅលើ​ដី​សម្បទាន ដែល​ទទួល​បានពី​រដ្ឋាភិបាល​ពិត​ប្រាកដ ។

យោងតាមរបាយការណ ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃនេះ ហើយដែលការិយាល័យយើងទទួលបានមានទាំងរូបភាព បញ្ជាក់ អំពីសកម្មភាពប្រមូលទិញឈើ និងដឹកជញ្ជូនឈើរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដោយភ្ជាប់ស្លាកសញ្ញារបស់ ក្រុមហ៊ុន និង លេខសំគាល់នៅក្បាលរថយន្តផ្នែកខាងលើ ១១៦៨ ។

តាមរបាយការណ៍នេះ អះអាងថា ក្រុមហ៊ុនទ្រី ភាព បានធ្វើអាជីវកម្មកាប់ឈើ និងដឹកជញ្ជូនឈើប្រណីត នៅគ្រប់តំបន់ ព្រៃ ឈើ ទូទាំងប្រទេសដោយសារ ក្រុមហ៊ុននេះ មានទំនាក់ទំនងជិតស្និទ្ធ ជាមួយរដ្ឋាភិបាល និងមានសម្ព័ន្ធមេត្រីភាព ជាមួយ កម្លាំង ប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្ស ក្រសួង ឧស្សាហកម្ម ក្រសួងកសិកម្ម និង ក្រុមហ៊ុនភាពី ម៉ិច តាមរយៈកិច្ចព្រមព្រៀង ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងក្រុមហ៊ុន នឹងមន្ត្រីរដ្ឋាភិបាល និងកង កម្លាំង ប្រដាប់អាវុធចុះថ្ងៃ ទី២២ ខែ កុម្ភៈ ឆ្នាំ ២០១០។

បើតាមរបាយការណ៍នេះបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ត្រូវបានរដ្ឋាភិបាល ផ្តល់អាជ្ញាប័ណ្ណ ប្រមូលទិញឈើ ពីគ្រប់ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលមាន ២៧ តំបន់នៃខេត្តចំនួន ១២ ដែលគ្របដណ្តប់ដោយព្រៃឈើ ក្នុងនោះ មានគម្រោង អភិវឌ្ឍន៍ និងគម្រោងសម្បទានសេដ្ឋកិច្ច ។

ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ដូចជា ឧទ្យានជាតិ រាម ខេត្ត ព្រះសីហនុ ព្រៃខៀវ ស្ថិតនៅក្នុងស្រុក បី នៃខេត្ត ក្រចេះ រតនគិរី តំបន់ ឧទ្យានជាតិ វីរជ័យ ស្ថិតនៅក្នុងស្រុកវ៉ឺនសៃ ស្រុកលំផាត់ ស្រុកអណ្តូងមាស និងស្រុកកូនមុំ។

ឯតំបន់ច្រប ខេត្តស្ទឹងត្រែង មណ្ឌលគិរី នៅស្រុកកែវសីមា និងស្រុកកោះញែក។ កំពង់ធំ ព្រៃឡង់ ព្រះវិហារ ស្រុក ឆែប ស្រុក ជ័យសែន ស្រុករវៀង និងដែនជម្រកសត្វព្រៃ បឹងពែរ។ ខេត្ត កោះកុងតំបន់ភ្នំ សំកុស ក្នុងស្រុក បុទុមសាគរ។ ខេត្ត ពោធិ៍សាត់ ស្រុក ភ្នំក្រវាញ ស្រុក វាលវែង និងស្រុក ថ្មដា។ ខេត្ត សៀមរាប ឧទ្យានជាតិភ្នំ គូលែន ខេត្ត ឧត្តរមាន ជ័យ ស្រុក អន្លង់វែង ព្រៃ ស្អាក តំបន់សង្ឃរុក្ខាវ័ន្ត ត្រពាំងប្រាសាទ និងតំបន់ភ្នំ ដងរ៉ែក។ ខេត្ត កំពង់ស្ពឺ ឧទ្យានជាតិ ភ្នំឱរ៉ាល់ និងខេត្ត កំពត ឧទ្យានជាតិ ភ្នំបូកគោ។ ក្រៅអំពីតំបន់ផ្តាច់មុខទាំងនេះ គឺមានឃ្លាំងស្តុកឈើធំៗចំនួន ១៤ កន្លែងផ្សេងទៀត ។ សម្រាប់ស្តុក និងដឹកជញ្ជូន យក ទៅលក់តាមទីផ្សារក្នុងប្រទេស និងទៅលក់នៅព្រំដែនយួន និង បរទេស ។

យោងនៅក្នុងរបាយការណ៍បានឱ្យដឹងទៀតថា ក្រុមហ៊ុន ទ្រី ភាព បានទទួលដីសម្បាទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៦៨ ០៨៨ ហិកតានៅក្នុងខេត្តចំនួន ១២ តាមរយៈការបំបែកឈ្មោះជាក្រុមហ៊ុន តូចៗ ដោយក្រុមហ៊ុនខ្លះ បានយក ឈ្មោះ អ្នកស្រី ម៉ៅ ម៉ុម ដែលជាភរិយារបស់លោក ទី្រ ភាព មកឈរឈ្មោះ ។ ហើយដីទាំងនោះ មានដូចជានៅតំបន់  សេដ្ឋកិច្ច ពិសេស អូរយ៉ា ដាវ ខេត្ត រតនគិរី ចំនួន ១៣៦ ហិកតា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ចំនួន ៦៤៣៦ ហិកតា ឧទ្យានជាតិ វីរជ័យ ស្ថិតក្នុងខេត្ត រតនគិរី ១៨ ៨៥៥ ហិកតា ដែនជម្រកសត្វព្រៃ បឹងពែរ ខេត្ត ព្រះវិហារ៩៩១៦ហិកតា ភ្នំ សំកុស ខេត្ត ពោធិ៍សាត់ ១០ ៧៧៤ ហិកតា សិទ្ធសំអាត តំបន់អាងទឹកទំនប់វារីអគ្គិសនីស្ទឹង តាតៃ ខេត្ត កោះកុង ៦ ៧៧១ ហិកតា សម្បទានរ៉ែ ស្ទឹងត្រែង ១៥ ០០០ ហិកតា ដីកោះទន្សាយ ខេត្តកំពត ២០០ ហិកតា ។

របាយការណ៍នេះបានឱ្យដឹងទៀតថា មូលហេតុដែលយើងធ្វើរបាយការណ៍ផ្តោតទៅលើក្រុមហ៊ុន ទ្រី ភាព តែមួយ គឺ ដើម្បីធ្វើ សេចក្តីរាយការណ៍ ទៅរដ្ឋាភិបាលឱ្យចាត់វិធានការទៅតាមផ្លូវច្បាប់ និងបង្ហាញការពិត ទៅដល់ប្រជាជន កម្ពុជា ឱ្យ ដឹងថា តើ ព្រៃឈើ បាត់បង់ដោយសារអ្នកណា ? តើការបាត់បង់ព្រៃឈើបណ្តាល ឱ្យមានបម្រែបម្រួល អាកាសធាតុយ៉ាងណា ខ្លះ”ហើយដោយសារនរណា។

ប្រធានអង្គការក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បានថ្លែងថា ក្រុមហ៊ុន ទ្រី ភាព ពុំបានប្រើ ប្រាស់ដីសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម ដូចជាដាំកៅស៊ូ និងដំណាំម្រេចទៅតាមគម្រោងផែនការ របស់ខ្លួននោះ ទេ ដោយគ្រាន់តែដាំតិចតួចបំផុត ហើយក្រុមហ៊ុនបានយកដី ដែលបានផ្តល់ដោយអនុក្រឹត្យពីរដ្ឋាភិបាល និងរឹបអូសយកដី ពី ប្រជាជន ដើម្បីធ្វើឃ្លាំងស្តុកឈើសម្រាប់នាំចេញទៅប្រទេស វៀតណាម តែ ប៉ុណ្ណោះ ។

លោកបាន ថ្លែងទៀតថា “មុខរបរចម្បងបំផុត និងជានយោបាយរបស់ឧកញ៉ា ទ្រី ភាព គឺរកស៊ីឈើ ដោយប្រើរូបភាព ជ្រកក្រោម ស្លាកដីសម្បទានសេដ្ឋកិច្ច គឺប្រើរូបភាពគ្រប់បែបយ៉ាង ដើម្បីប្រមូលដឹកឈើដោយចំហពីកម្ពុជាទៅប្រទេស វៀតណាម” ។  ប្រធានអង្គការរូបនេះបានបន្តទៀតថា សកម្មភាពរបស់ក្រុមហ៊ុន ទ្រី ភាព បន្ទាប់ពីកាប់ដើមឈើអស់ ក្រុមហ៊ុននេះ បានជីក កកាយយកឫសឈើមានតម្លៃពីតំបន់ដីសម្បទានសេដ្ឋកិច្ច ដែលខ្លួនកាន់កាប់ និងតំបន់ដែល ក្រុមហ៊ុននេះ ទិញផ្តាច់មុខ។

លើសពីនេះ ក្រុមហ៊ុន ទ្រី ភាព បានឈ្លានពានចូលតំបន់ព្រៃការពារ និងព្រៃសហគមន៍ពេលដែលខ្លួនអស់ព្រៃឈើ ហើយ និង បានដើរប្រមូលទិញឈើពីប្រជាពលរដ្ឋដូចជា ដាក់គំនាបទៅលើប្រជាពលរដ្ឋឱ្យលក់ ផលព្រៃឈើទៅឱ្យ ខ្លួនតែម្នាក់ ។ ហើយ នៅតាមបណ្តាខេត្តទាំង ១២ ដែលដឹកតាមរទេះគោ និងទិញឈើពីប្រជាពលរដ្ឋ ដែលឆ្លងដែន ចូលទៅកាប់ គ្រញូងតាមព្រំដែន ថៃ ។ ក្រុមហ៊ុននេះ បានចាត់តាំងមេការតាមទិសដៅ រង់ចាំទិញនិងប្រមូល ដឹកយក ឈើទៅស្តុកទុក នៅក្នុងឃ្លាំង តាមទិសដៅ នីមួយៗ បន្ទាប់មកដឹកទៅប្រទេស វៀតណាម ដែលភាគច្រើន ដឹកចេញ តាមច្រកសំខាន់ៗមួយចំនួន ដូចជា តាមខេត្ត មណ្ឌល គិរី ច្រក អូយ៉ាដាវ រតនគិរី ច្រកស្នួល ខេត្ត ក្រចេះ ច្រកអន្លង់ជ្រៃ ខេត្ត ព្រៃវែង ច្រក កំពង់ផែ ព្រះសីហនុ ច្រក កំពង់ផែរាម ។ ច្រកសមុទ្រខេត្តកំពត ច្រកដូង ៧ ដើម ច្រក របៀងលេខ ១៩ ខាងក្រោយកាស៊ីណូឧកញ៉ា ទ្រី ភាព។

តាមលោក អ៊ូច ឡេង បានគូសបញ្ជាក់ថា ៖ “ក្រុមហ៊ុននេះ បានចិញ្ចឹម និងជួយឧបត្ថម្ភកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ នៅក្នុង តំបន់ដីសម្បទានរបស់ខ្លួន ដោយLobbyជួយឧត្ថម្ភសាងសង់អគាររដ្ឋបាល មន្ទីរ ការិយាល័យ គណបក្ស ប្រជា ជន ប៉ុន្តែពុំបាន ជួយធ្វើការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាល់ តែសោះ”។

ជុំវិញរបាយការណ៍បានឱ្យដឹងទៀតថា ក្រុមហ៊ុន ទី្រ ភាព មិនបានអនុវត្តតាមខ្លឹមសាររបស់អនុក្រឹត្យ ស្តីពីការបង្កើត តំបន់ សេដ្ឋកិច្ច ពិសេស អនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ចនោះទេ ទើបធ្វើឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិ ឯកជនរបស់ ប្រជាពលរដ្ឋ ជាច្រើនដែលយ៉ាងហោចណាស់មានប្រជាពលរដ្ឋ ១៤៤៥ គ្រួសារ ត្រូវបានទទួលរងផលប៉ះពាល់ ពីគម្រោង វិនិយោគរបស់ ក្រុមហ៊ុនដោយគ្មានសំណងទាល់តែសោះនេះជាឥទ្ធិពលអាក្រក់របស់ក្រុមហ៊ុន ទ្រី ភាព។

ដោយឡែក របាយការណ៍នោះបានបន្តថា ៖ “ដោយសារតែក្រុមហ៊ុន ទ្រី ភាព បានកាប់បំផ្លាញព្រៃឈើយ៉ាងច្រើន ទើប គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ដោយសារតែមានការប្រែប្រួល អាកាសធាតុ បានធ្វើឱ្យ មាន នូវគ្រោះ មហន្តរាយបង្កឱ្យខាតបង់ទ្រព្យសម្បត្តិប្រមាណជា ៨០០ លានដុល្លារក្នុងមួយឆ្នាំ និងបណ្តាលឱ្យ ប្រជា ជន ប្រមាណ ១៦៨ នាក់បានស្លាប់និងប្រជាពលរដ្ឋ ១,៨ លាននាក់ បានរងនូវផលប៉ះពាល់។ ដូច្នេះក្រុមហ៊ុននេះ ត្រូវ តែទទួលខុស ត្រូវចំពោះ គ្រោះមហន្តរាយ ពីព្រោះក្រុមហ៊ុននេះ ជាអ្នកកាប់បំផ្លាញព្រៃឈើជាតិរបស់ប្រទេសកម្ពុជា ។

តំណាងរបស់លោក ឧកញ៉ា ទ្រី ភាព ប្រចាំនៅខេត្ត ព្រះវិហារ ដែលសុំមិនបញ្ចោញឈ្មោះបានឱ្យដឹងថា ក្រុមហ៊ុនរបស់ លោក បានទទួលសិទ្ធិប្រមូលទិញឈើ តែនៅក្នុងខេត្តចំនួន ៨ ប៉ុណ្ណោះ មិនមែននៅក្នុងខេត្តចំនួន ១២ ដូចដែល របាយ ការណ៍បានលើកឡើងនោះទេ ។ ប៉ុន្តែក្រុមអាជ្ញាធរតាមខេត្តមួយចំនួន និងក្រុមប្រជាពលរដ្ឋបាននិយាយថា នេះជាការដោះ សាររបស់ក្រុមហ៊ុននោះទេ ។

លោក ថន សារ៉ាត ប្រធាននាយកដ្ឋានរដ្ឋបាល នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ជាទូទៅ ច្បាប់បានកំណត់ឱ្យក្រុមហ៊ុន ឯកជនមួយ អាចទទួលបានដីធ្វើការវិនិយោគក្រោម ១ ម៉ឺនហិកតា ប៉ុន្តែលោកពុំដឹងថា ក្រុមហ៊ុនមេមួយ អាចបំបែកជាក្រុមហ៊ុនតូចៗទៀត ដើម្បីទទួលបានដីសម្បទានសេដ្ឋកិច្ចបន្ថែមនោះ ជារឿងខុសច្បាប់ ឬ ក៏ត្រូវច្បាប់នោះទេ ដោយត្រូវពិនិត្យទៅលើច្បាប់បន្ថែមទៀត។ លោកបានថ្លែងថា“កន្លងមកនៅពេលក្រុមហ៊ុនចុះទៅ អនុវត្តទៅតាមដីដែលទទួលបាននោះ គឺតែងតែមានបញ្ហាជាមួយប្រជាពលរដ្ឋ ដូច្នេះយើងត្រូវចុះមើលបន្ថែមទៀត ដោយសារការចុះសិក្សា អំពីផលប៉ះពាល់ពីមុនមានរយៈពេលខ្លី»។

យោងតាមច្បាប់ ភូមិបាល ត្រង់មាត្រា ៥៩ បានចែងថា សម្បទានដីសេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនមួយ មានទំហំច្រើន បំផុត ត្រឹមតែ មួយម៉ឺនហិកតា ប៉ុណ្ណោះ ។ ហើយសម្បទានដីដែលសំរេចផ្តល់ឱ្យរួចហើយហើយមានទំហំលើសពីទំហំ កំណត់ខាងលើជាកម្មវត្ថុនៃការកាត់បន្ថយ។ ប៉ុន្តែប្រសិនបើការកាត់បន្ថយនេះ មានឥទ្ធិពល ធ្វើឱ្យខូចប្រយោជន៍ អាជីវ កម្ម ដែលកំពុងមានដំណើរការ សម្បទានិក អាចនឹងទទួលបានការលើកលែងជាពិសេស។

ដោយឡែកបើយោងតាមច្បាប់នេះ បានគូសបញ្ជាក់ទៀតថា ត្រូវបានហាមឃាត់ ការចេញលិខិតសម្បទានដីច្រើន កន្លែង ឱ្យបុគ្គលតែម្នាក់ ឬឱ្យនីតិបុគ្គលច្រើន តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំ សរុប ធំជាង ទំហំដែលបានកំណត់នៅវាក្យខ័ណ្ឌខាងលើ ។

ពាក់ព័ន្ធជុំវិបញ្ហានេះ រដ្ឋាភិបាលបច្ចុប្បន្នមិនគួរជ្រើសដៃគូរបៀបក្រុមហ៊ុនទុច្ចរិតលេង ៣សន្លឹក កាប់បំផ្លាញព្រៃឈើ នោះបន្តទៀតទេ ៕

ដោយ ៖ ប្រក្រត្ស