មេគយ​​ចល័ត​ប៉ាក់ខ្លង​ខេត្តកោះកុង​ចាប់ម៉ូតូ​គេចពន្ធ​៩​គ្រឿង ​រួច​ដោះលែង​វិញ

ក្រុមគយ​ចល័ត​ប៉ាក់ខ្លង ខេត្តកោះកុង​បានដោះ​លែង​ម៉ូតូ​គេចពន្ធ ៩គ្រឿង​ដែល​ក្រុមឈ្មួញ​នាំចូល​ពីប្រទេស ថៃតាម ច្រក ចាំយាម ហើយ​ចាប់បាន​កាលពី វេលាម៉ោង​១១​យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣​កន្លងទៅ ប៉ុន្តែ​ប៉ុន្មានម៉ោង ក្រោយ មក​ក៏ត្រូវ​បាន​ដោះ​លែង ទៅវិញ​ស្ងាត់ៗ ។

បើតាម​សេចក្តីរាយ​ការណ៍​បានឱ្យ​ដឹងថា ការ​ចាប់ម៉ូតូ​គេចពន្ធ​ឆ្លងដែន នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួនមនុស្ស ២ នាក់ និង រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ​១ គ្រឿងពាក់​ស្លាកលេខ​ព្រះសីហនុ 3A-1025 ព្រះសីហនុ ដោយ មានផ្ទុក​ម៉ូតូ ៩ គ្រឿង​ក្នុងនោះ មានម៉ូតូ ម៉ាកស្គូពី ៥​គ្រឿង និង ម៉ូតូម៉ាកហុងដាជាប្រភេទម៉ូតូធំចំនួន ៤គ្រឿង ។

តាមសេចក្តីរាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា ឈ្មួញដែលជាអ្នករកស៊ី នាំយកម៉ូតូគេចពន្ធចូលប្រទេសកម្ពុជា នោះត្រូវគេស្គាល់ឈ្មោះថា“តាផុក”ដោយម៉ូតូទាំងនេះនឹងត្រូវគេ ដឹកជញ្ជូនទៅកាន់ក្រុងព្រះសីហនុជាប្រចាំទៀតផង ។

សូមបញ្ជាក់ថា ករណីនាំម៉ូតូគេចពន្ធ ចូលមកខេត្តកោះកុងនេះមិនមែនជាលើកទី១ ឡើយ ហើយគេនៅតែមិនឃើញ មាន ការបង្ក្រាបពីសំណាក់មន្ត្រីគយម្តងណា ឡើយ គឺទើបតែពេលនេះគេឃើញមានការបង្ក្រាបចាប់ បានម៉ូតូ ៩គ្រឿង និងឃាត់ខ្លួនមនុស្ស២នាក់ ព្រមទាំងនាំយកអ្នកបើកបរនិងរថយន្តដែលផ្ទុកម៉ូតូទៅទីស្នាក់ការ របស់ខ្លួន ទៀតផង បែប ទំនងចចារសំណូកមិនត្រូវដឹងបានជាចាប់គោះត្រីបញ្ជូនស៊ងនោះ ។

ទោះជាយ៉ាងណាក្រោយពេលដែលឃាត់ខ្លួនចាប់ម៉ូតូគេច ពន្ធទាំងនោះបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ស្រាប់តែដោះ លែងរថយន្តនិងម៉ូតូនោះទៅវិញ ស្ងាត់ៗដោយមិនបាន បញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តន៍ តាមនីតិវិធីឡើយ ព្រោះ សង្ស័យថា ចរចាត្រូវ ៕
ដោយ ៖ ឆ្លាមខ្មៅ