ក្រុម​ប្រជាពលរដ្ឋ​មាន​ប្រតិកម្ម​បន្ទាប់ពី​សន្តិសុខ​ឧទ្យាន​ជាតិភ្នំ​បូកគោ​កាប់​បំផ្លាញ​ផល​ដំណាំ

ក្រុមប្រជាពលរដ្ឋចំនួន ៦គ្រួសារ ស្ថិតនៅក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត មានប្រតិកម្មយ៉ាងពុះ កញ្ជ្រោលនៅពេលដែលក្រុមសន្តិសុខឧទ្យានជាតិបូកគោ បាននាំគ្នាកាប់បំផ្លាញដើមរុក្ខជាតិហូបផ្លែជាច្រើនប្រភេទ ដែលពួកគាត់បានដាំដុះ និងអាស្រ័យផលជាង ២០ឆ្នាំមកហើយនោះ ។

តាមការឱ្យដឹងពីប្រជាពលរដ្ឋខាងលើបានបញ្ជាក់អះអាងថា ផលដំណាំដែលពួកគាត់បានដាំ និងអាស្រ័យ ផលជា​ច្រើន​ឆ្នាំមានស្វាយចេក និងដើមម្រុំជាដើមត្រូវសន្តិសុខឧទ្យានជាតិបូកគោមានគ្នីគ្នាប្រមាណជាង ១០នាក់ បានកាប់​បំផ្លាញ ចោលអស់កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ រហូតដល់ព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ទៅហើយ សន្តិសុខនៅក៏នូវតែបន្តការកាប់បំផ្លាញចោល ព្រោះគេសំអាងថា ទីតាំងដែលពួកគាត់ដាំដំណាំនិងអាស្រ័យ​​ផលតាំងពីឆ្នាំ ១៩៨៧នេះ ជាដីរបស់ឧទ្យានជាតិភ្នំបូកគោ ទើបគេមកកាប់បំផ្លាញចោលដោយ គ្មានការក្រែងចិត្ត និង​ញញើតច្បាប់ទម្លាប់អ្វីឡើយ ។

បើតាមក្រុមប្រជាពលរដ្ឋទាំង ៦គ្រួសារខាងលើបានអះអាងដូចគ្នាៗថា ដីរបស់ពួកគាត់ដែលកំពុងអាស្រ័យផល សរុប​ចំនួនជាង ៤ហិកតា ហើយកន្លងមកក្រុមយុវជនរបស់សម្តេចតេជោ ក៏បានវាស់វែងដីទាំងនេះជូនដល់ពួក គាត់រួច​ហើយ ប៉ុន្តែដោយសារជិតដល់វេលាបោះឆ្នោតទើបអាជ្ញាខេត្តកំពតផ្តល់ប័ណ្ណកម្មសិទ្ធិមិនបានទាន់ពេលវេលា ហើយ​រហូតមក​ដល់ពេលនេះ ពួកគាត់ ទាំង ៦គ្រួសារក៏មិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ ទើបក្រុមសន្តិ សុខភ្នំបូក​គោ​នាំគ្នាទៅកាប់បំផ្លាញផលដំណាំ របស់គាត់យ៉ាងឃោរឃៅបំផុតដូចជា ក្រុមចោរព្រៃ ។

ប្រភពដែលរងទុក្ខបានឱ្យដឹងទៀតថា ការកាប់បំផ្លាញដំណាំរបស់ពួកគាត់ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ បើគ្មាន​ដំណោះ ស្រាយដ៏សមស្របទេនោះ ពួកគាត់នឹងធ្វើពាក្យបណ្តឹងមកលោកអភិបាលខេត្តកំពតឱ្យជួយអន្តរាគមន៍ និង​ជួយ​រកយុត្តិធម៌ ដល់ពួកគាត់និងប្តឹងឧកញ៉ាប្រធានឧទ្យានជាតិបូកគោ ពីបទបំផ្លាញផលដំណាំ​ដោយចេតនា​វាតទី​រំលោភ ដីធ្លីកម្មសិទ្ធិប្រជាពលរដ្ឋក្រីក្រ ។

ពាក់ព័ន្ធទៅនឹងករណីចោទប្រកាន់សន្តិសុខ នាំគ្នាកាប់បំផ្លាញផលដំណាំ របស់ប្រជាពលរដ្ឋស្ថិត នៅក្នុងភូមិទទឹងថ្ងៃ ក្នុង ឃុំ បឹងទូក ស្រុកទឹកឈូខាងលើនៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បានភ្ជាប់ទូរស័ព្ទទៅលោក ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពតសុំការបំភ្លឺដែរ ប៉ុន្តែមិនអាចទំនាក់ទំនងបានហើយឯឧកញ៉ាប្រធានឧទ្យានជាតិបូកគោវិញ គេសង្ស័យថា ជាអ្នកបញ្ជាឱ្យកម្មករកាប់បំផ្លាញ ផលដំណាំរបស់ប្រជាពលរដ្ឋដោយផែនការ គ្រោងទុកជាមុន  ដើម្បី គំរាម ប្លន់យកដីរបស់ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលយូរយារមកហើយ ៕
ដោយ ៖ អរ័ក្សភ្នំ

2013_11_24a