តាមក្រុមសហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន អះអាងថា៖ ក្រុមហ៊ុន អង្គរប្លាយវូដ (Angkor Plywood) ដែលទទួលសិទ្ធិបើករោងចក្រអារច្រៀកឈើបន្ត ពីក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia) បានធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំឡើងវិញ នៅជាប់តំបន់ព្រៃឡង់ខេត្តក្រចេះ។ ហើយសហគមន៍ថា ៖ ក្រុមហ៊ុននេះ បានទទួលទិញឈើពីក្រុមពលរដ្ឋនៅមូលដ្ឋាន ដោយជួលកម្មករកាប់ និងដឹកជញ្ជូនឈើក្នុងព្រៃឡង់មកលក់ឱ្យខ្លួន។
ឆ្លើយតបបញ្ហានោះ សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន ក៏បានអំពាវនាវជាថ្មីទៀត ឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងស៊ើបអង្កេតឡើងវិញ ពីភាពមិនប្រក្រតី របស់ក្រុមហ៊ុន អង្គរប្លាយវូដ និងក្រុមហ៊ុន ស៊ីង បាយអូថេក ដែលពួកគេចោទថា ក្រុមហ៊ុនទាំងនេះ មានមហិច្ឆតាធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ ក្នុងតំបន់ព្រៃការពារធម្មជាតិ។
មកដល់ពេលនេះសមាជិកសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យដឹងនៅថ្ងៃទី១ ធ្នូថា ៖ ក្រុមហ៊ុនអង្គរ ប្លាយវូដ និងក្រុមហ៊ុន ស៊ីង បាយអូថេក កំពុងធ្វើសកម្មភាពកាប់ឈើឡើងវិញ នៅតំបន់ព្រៃឡង់ ជាង ២សប្តាហ៍មកហើយ ដោយមានរថយន្តស្ទូច អារ៉េវ ឬរថយន្តប៉ាកុងជាមធ្យោបាយដឹកជញ្ជូនឈើមូលធំៗ ចូលរោងចក្រ។
លោកយឹម សុភ័ក្ត្របន្តថា ៖ ក្រុមហ៊ុនបានឈូសឆាយផ្លូវចំនួន ៣ខ្សែ ចូលក្នុងតំបន់ព្រៃឡង់ ដើម្បីងាយស្រួលធ្វើអាជីវកម្មឈើ។
ទន្ទឹមនឹងនេះ ឈើដែលកម្មកររបស់ក្រុមហ៊ុនកំពុងកាប់ ឋិតនៅចំណុច អូរជុំហួយ អូរស្ងួតលើ និងអូរស្ងួតក្រោម ព្រោះតំបន់ទាំងនោះ មាននៅសេសសល់ដើមឈើផលិតជ័រទឹករបស់អ្នកស្រុកច្រើនដែលមានការបាត់បង់។
មិនតែប៉ុណ្ណោះឯសមាជិកសហគមន៍ព្រៃឡង់ ខេត្តក្រចេះ លោក វ៉ន ត្រៃ សង្កេតឃើញថា ពលរដ្ឋមូលដ្ឋានមួយចំនួន បានស៊ីឈ្នួលកាប់ឈើ ក្នុងព្រៃដឹកលក់ឱ្យក្រុមហ៊ុន ដើម្បីរកប្រាក់កម្រៃ ដែលជាហេតុធ្វើឱ្យព្រៃឡង់ នៅតែបន្តបាត់បង់ដើមឈើធំៗ។ លោកបារម្ភថា វត្តមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅជាប់ព្រៃឡង់ បង្កហានិភ័យខ្ពស់ ពីជោគវាសនា ព្រៃការពារធម្មជាតិមួយនេះ ស្របពេលដែលសហគមន៍គ្មានលទ្ធភាពគ្រប់គ្រាន់ ទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានោះដែរការិយាល័យយើងមិនទាន់អាចទាក់ទងបំភ្លឺពីលោក តំណាងក្រុមហ៊ុន អង្គរប្លាយវូដ និងក្រុមហ៊ុន ស៊ីង បាយអូថេក បានទេក្នុងថ្ងៃនេះ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ ។
ផ្ទុយទៅវិញរីឯអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ក៏មិនលើកទូរសព្ទដែរនៅថ្ងៃដដែលនេះ។
ចំណែក អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី មានប្រសាសន៍ថា ៖ ឱ្យតែបទល្មើស គណៈកម្មការជាតិនឹងមានវិធានការច្បាប់ទាំងអស់។ ហើយលោកក៏បានជម្រុញឱ្យសហគមន៍ព្រៃឡង់ដាក់បណ្ដឹងករណីនេះទៅអាជ្ញាធរដែនដី និងគណៈកម្មការជាតិផងដែរ។
បើតាមសកម្មជនបរិស្ថាន លោក ហេង ស្រស់ បានថ្លែងសង្កេតឃើញថា ដើមឈើធំៗ បន្សល់ចុងក្រោយ នៅក្នុងតំបន់ព្រៃឡង់ កំពុងទទួលរងការកាប់រំលំ ធ្វើអាជីវកម្មពីសំណាក់ក្រុមហ៊ុនទាំងនេះ ជាង ២សប្តាហ៍មកហើយ ប្រសិនបើគ្មានវិធានការទប់ស្កាត់ជាបន្ទាន់ទេ ដើមឈើធំៗ ជាពិសេសដើមច្បោះជ័រទឹកនឹងហិនហិចអស់មិនខាន។
លោក ហេង ស្រស់ សង្ស័យថា គណៈកម្មការជាតិ អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធហាក់មានចេតនាបើកដៃឱ្យក្រុមហ៊ុននេះ កាប់បំផ្លាញព្រៃឈើក្នុងព្រៃអភិរក្ស និងដើមឈើផលិតជ័រទឹករបស់អ្នក ស្រុកបង្ហើយចុងក្រោយ នៅរដូវប្រាំងនេះ។ លោកគិតបន្តថា ៖ មហិច្ឆតារបស់ក្រុមហ៊ុន គ្រោងលេបត្របាក់ឈើមូលធំៗ ទាំងអស់នៅតំបន់ព្រៃឡង់ ក្នុងខេត្តចំនួន៤ រួមមាន ព្រៃឡង់ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារបង្ហើយអោយអស់ ក៏អាចថាបាន។
យោងករណីខាងលើសកម្មជនបរិស្ថានរូបនេះបន្ថែមថា៖ ថ្មីៗ នេះ ក្រុមហ៊ុនបានគាស់ឈើ ដែលកប់ក្នុងដីមកអារច្រៀកធ្វើអាជីវកម្ម និងកំពុងធ្វើសកម្មភាពអារច្រៀកឈើយ៉ាងមមាញឹក ដើម្បីលក់ចេញទៅក្រៅប្រទេស។ហើយ លោក ក៏បានអំពាវនាវឱ្យម្ចាស់ជំនួយ អភិរក្សព្រៃឡង់ គួរតែពិនិត្យមើលឡើងករណីនេះ និងត្រូវទម្លាក់ការទទួលខុសត្រូវមួយផ្នែក ទៅក្រសួងបរិស្ថាន ដែលមានភារកិច្ចអភិរក្សព្រៃឡង់យ៉ាងចំមុខនោះ ។
គេនូវចាំបានថា កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងកសិកម្ម បានផ្ដល់សិទ្ធិឱ្យ ក្រុមហ៊ុន ស៊ីង បាយអូថេក វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយ ស្ដារព្រៃឈើឡើងវិញ លើផ្ទៃដីចំនួនជាង ៣ម៉ឺន ៤ពាន់ហិកតារ (៣៤.០០៧) ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលទឹកដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) បានផ្ទេរសិទ្ធិបើករោងចក្រអារឈើទៅឱ្យក្រុមហ៊ុន អង្គរ ប្លាយវូដ (Angkor Plywood) កាលពីចុងឆ្នាំ២០១៨។
ដោយឡែកក្រុមសហគមន៍ព្រៃឡង់ ក៏បានរាយការណ៍ថា ៖ ក្រុមហ៊ុនទាំងនេះ មានមហិច្ឆតាធ្វើអាជីវកម្មឈើខ្នាតធំ និងនាំចេញទៅលក់នៅប្រទេសចិនតាមផ្លូវទឹក ហើយខណៈកន្លងទៅ សកម្មជនបរិស្ថានបានទៅដល់ការដ្ឋានក្រុមហ៊ុននេះ ប្រទះឃើញ ឈើមូលធំៗ រាប់រយម៉ែត្រគូប ត្រៀមដឹកចេញក្រៅ ដែលភាគច្រើនជាប្រភេទឈើទាល និងត្រាច ដែលអ្នកស្រុកដុតយកជ័រទឹកលក់ចិញ្ចឹមជីវិត ៕
ដោយ ស្ទាំង ស ស្ទាំង ខ្មៅ