មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ព្រមានបិទហ្វេសប៊ុក (Facebook) លែងឱ្យមានដំណើរការនៅស្រុកខ្មែរបាន បើសិនទំព័រហ្វេសប៊ុករបស់លោកត្រូវបានបិទ។ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែកុម្ភៈ ថា៖ «ក្រុមហ៊ុនហ្វេសប៊ុកបានលុប និងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា បើអ្នកឯង (ហ្វេសប៊ុក) ហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ (ហ៊ុន សែន) ខ្ញុំនឹងបិទលែងឱ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ»។
សារលើហ្វេសប៊ុក (Facebook) របស់លោក ហ៊ុន សែន ដែលបង្ហោះនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រោយពីលោក ហ៊ុន សែន បង្ហោះព្រមានបិទហ្វេសប៊ុកលែងឱ្យមានដំណើរការនៅស្រុកខ្មែរ បានប្រមាណ២០នាទី លោកក៏បង្ហោះសារមួយទៀតថា មានក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា (Hacker) បានចូលលួចគណនីហ្វេសប៊ុកលោក និងលួចលុបទិន្នន័យព័ត៌មានមួយចំនួនធំ។ លោកបន្តថា ពេលនេះខាងក្រុមហ៊ុនហ្វេសប៊ុក កំពុងស៊ើបអង្កេតរកជនដែលលោកចោទថា ជាជនអគតិមានចេតនាអាក្រក់បំពុលនិងបំផ្លាញព័ត៌មាននៅក្នុងសង្គមហ្វេសប៊ុករបស់លោក។