អង្គការ​UN បារម្ភ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​កាបោះឆ្នោត​នៅ​កម្ពុជា​ខាងមុខ !

រាជធានី​ភ្នំពេញ ៖ តាម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​អំពី​ដំណើរការ​ឈានទៅរក​ការរំលាយចោល​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដំណើរការ​នេះ​បាន​ធ្វើឲ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​ការបោះឆ្នោត​ឆ្នាំ​ក្រោយ​នឹង​ធ្វើឲ្យ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក​ម្ពុ​ជា​កាន់តែ​យ៉ាប់​ឡើង​។​

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​សិទិ្ធមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ​ពី​ទីក្រុង​ហ្សឺ​ណែវ​បាន​ថ្លែងថា​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​កង្វល់​យ៉ាងខ្លាំង​ចំពោះ​ការបោះឆ្នោត​នាពេល​ខាងមុខ និង​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​តាម​លោក​ស្រី ស្មី​ត ថ្លែងថា​៖ «​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប៉ះពាល់​ដល់​សំឡេង និង​ការជ្រើសរើស​របស់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​បង្ក​ឲ្យទៅ​ជា​កង្វល់​យ៉ាងខ្លាំង​អំពី​ភាព​ជា​តំណាង​របស់​រដ្ឋាភិបាល​។ ខ្ញុំ​មាន​កង្វល់​ផងដែរ​ថា​រដ្ឋាភិបាល​កំពុង​ធ្វើ​រឿងនេះ​ដោយលើក​ហេតុផល​សំអាង​ពី​នីតិរដ្ឋ​»​។​
​មិនតែប៉ុណ្ណោះ លោកស្រី ស្មី​ត ថ្លែងថា​ការធ្វើ​វិសោធនកម្ម​ច្បាប់​បន្ថែម​ទៀត​ដែល​ដាក់​ស្នើ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​កិច្ច​ពិភាក្សា​នៅ​សប្ដាហ៍​នេះ​មាន​បរិយាយ​អំពី​រូបមន្ត​សម្រាប់​បែងចែក​ឡើងវិញ​នូវ​អាសនៈ​របស់​គណបក្ស​មួយ​ដែល​ត្រូវបាន​រំលាយ​ឲ្យ​គណបក្ស​ដទៃ​ទៀត​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​បើសិន​ជា​ការផ្លាស់ប្ដូរ​ទាំងនេះ​ត្រូវបាន​អនុវត្ត​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នេះ​វា​នឹង​ចោទ​ជា​ចម្ងល់​យ៉ាងខ្លាំង​អំពី​ភាព​ជា​តំណាង​នយោបាយ​របស់​ប្រជាជន​កម្ពុជា​មួយផ្នែកធំ​»​។​

​តាម​ការប្រកាស​របស់​ស្ថានទូត​អូស្ត្រាលី​ចេញ​កាលពី​ម្សិលមិញ​បាន​ថ្លែងថា ស្ថានទូត​មាន​ការប្ដេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បាន​បង្ហាញជូន​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ការព្រួយបារម្ភ​ជុំវិញ​ការវិវត្ត​នយោបាយ​នា​ពេល​ថ្មីៗ​នេះ ហើយ​សកម្មភាព​ថ្មី​បំផុត​ពាក់ព័ន្ធ​នឹង​ការស្នើ​សុំឲ្យ​មាន​ការរំលាយ​គណបក្សស​ង្គ្រោះ​ជា​តិ​បាន​បង្ក​ឲ្យមាន​ការព្រួយបារម្ភ​ជា​បន្ត​ទៀត​។​

​ការប្រកាស​របស់​ស្ថានទូត​នេះ​បានឲ្យដឹងថា​៖ «​ការឈានទៅរក​ការលុបចោល​គណបក្សប្រឆាំង​ធំចម្បង​នឹង​ក្លាយ​ជា​ជំហាន​ថយ​ក្រោយ​មួយ​នៅក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ព្រមទាំង​ជះ​ឥទ្ធិពល​ដល់​ការទទួល​បាន​ការបោះឆ្នោត​ជាតិ​ដែល​យុត្តិធម៌ និង​មាន​តម្លាភាព​នា​ខែកក្កដា​ឆ្នាំ ២០១៨ ខាងមុខ​»​។​

​ការព្រួយបារម្ភ​របស់​ស្ថានទូត​អូស្ត្រាលី និង​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​ធ្វើឡើង ខណៈពេល​ដែល​គណៈកម្មាធិកា​រ​អចិន្រៃ្តយ៍​រដ្ឋសភា​ដែល​មាន​តែ​សមាជិករ​ដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ពិភាក្សា​បិទទ្វារ​ទៅលើ​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ទាក់ទង​ការបែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ឲ្យ​គណបក្ស​ដទៃ​។​
​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​បាន​និង​កំពុង​ពិនិត្យ និង​សិក្សា​ទៅ​លើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ទាំង ៤ រួចហើយ​។​
​សេចក្តីស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង ៤ គឺ : ១- ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ២- ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ៣- ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ៤- ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។​

​ឯ​លោក សុខ ឥសាន សមាជិក​រដ្ឋសភា​មក​ពី​បក្ស​ប្រជាជន​បាន​អះអាង​កាល​ពី​ម្សិលមិញ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តីព្រាងច្បាប់​ណាមួយ​ទេ​ដរាបណា​រដ្ឋសភា​មិន​ទាន់​អនុម័ត​។ លោក​បាន​ថ្លែងថា​ច្បាប់​ទាំង ៤ នេះ​នឹង​ត្រូវ​ពិភាក្សា និង​អនុម័ត​នៅ​សប្តាហ៍​ក្រោយ​។ «​គណបក្ស​ប្រជាជន​ខ្ពើម​យក​និយាយ​រួម​អាសនៈ​ណា​ក៏​ដោយ​គណបក្ស​ប្រជាជន​មិន​យក​ទេ​ក្រៅ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​គឺ​គណបក្ស​ប្រជាជន​មិន​យក​ទេ​»​។​

​យោងតាម​ខ្លឹមសារ​សេចក្ដីស្នើច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​បាន​បង្ហាញ​ពី​រូបមន្ត​នៃ​ការបែងចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវបាន​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ការបោះឆ្នោត​រូបមន្ត​ទាំងនោះ​ត្រូវ​បាន​បែក​ចែក​តាម​តំណាក់កាល​នី​មួយៗ​នៅពេល​ដែល​គណបក្ស​ណាមួយ​បដិសេធ​មិន​ទទួលយក​អាសនៈ​។​
​ទោះជា​យ៉ាងណា​ក៏ដោយ​ក្រុម​សន្តិសុខ​ប្រចាំ​រដ្ឋសភា​បាន​បដិសេធ​មិន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ចូលទៅ​ក្នុង​រដ្ឋសភា​នោះទេ តែ​បាន​អះអាង​ថា​កាលពី​ម្សិលមិញ​ពិតជា​មាន​កិច្ចប្រជុំ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​របស់​រដ្ឋសភា​។​

​ផ្ទុយទៅវិញ លោក គីម សួរភិ​រិទ្ធ សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ដែរ​ថា​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​របស់​រដ្ឋសភា​បាន​កោះហៅ​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យចូល​រួម​ប្រជុំ​នៅ​វេលា​ម៉ោង ២ ស្ដីពី​ការស្នើ​វិសោធកមុ្ម​ច្បាប់​ដែល​បាន​ស្នើ​ដោយ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​លោក​ថ្លែងថា​៖ «​យើង​មិន​ចូលរួម​ការកោះប្រជុំ​នេះ​យើង​ទៅ​លុះណាតែ​យើង​អាច​រារាំង ឬ​ទប់ស្កាត់​កុំឲ្យ​គេ​ធ្វើអីបាន​។
​ខ្ញុំ​គិត​ទៅ​ក៏​មិន​មាន​ប្រយោជន៍​អី​ដែរ ពី​ព្រោះ​ខ្ញុំ​មិន​អាច​ទប់ស្កាត់​គេ​បានទេ​។ បើ​គេ​សម្រេច​អ៊ីចឹង​ហើយ​ឲ្យគេ​ធ្វើទៅ យើង​មិន​ទៅ​ជួយ​សំលៀងកាំបិត​ទេ​»​។​

​បញ្ហា​នោះ​ដែរ ឯ​លោក យ៉ង់ សុធា​រ៉ា អ្នក​ច្បាប់​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា Comfrel កន្លែង​នេះ​មានន័យ​ថា បើសិន​នៅក្នុង​ឃុំ ឬ​សង្កាត់​មួយ​មាន​បក្ស​តែ​ពីរ​ឈរឈ្មោះ​ជា​បេក្ខភាព​កាល​បោះឆ្នោត​ឃុំ​សង្កាត់ ២០១៧ កន្លងទៅ​ហើយ​បក្ស​ទាំង​ពីរ​ទទួលបាន​អាសនៈ​ដូចគ្នា​ដូច្នេះ​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវបាន​រំលាយ​នោះ​គឺ​យក​ទៅ​ឲ្យ​បក្ស​មួយទៀត ។ ហើយ​ការប្តឹង​ឲ្យ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ​បាន​ធ្វើឡើង​បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ តាម​ការចោទប្រកាន់រ​បស់​គណបក្ខ​កាន់អំណាច​៕
​ដោយ ស ថ្លា​

 

photo20171020a (3) photo20171020a (1) photo20171020a (2)