​តំណាង UN បង្ហាញ​ពី​ការបារម្ភ​ជា​ច្រើន​លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា !

​រាជធានី​ភ្នំពេញ ៖ តាម​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោកស្រី​សាស្ត្រាចារ្យ Rhona Smith បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​មួយ​របស់​លោកស្រី​មក​កាន់​កម្ពុជា​កាលពី​ម្សិលមិញ​ដោយ​គូស​បង្ហាញ​នូវ​ក្តីបារម្ភ​លើ​បញ្ហា​សិទ្ធិមនុស្ស​ជាច្រើន​ដែល​ប្រទេស​នេះ​កំពុង​ប្រឈមមុខ​ប៉ុន្តែ​បាន​ទទូច​ថា​ភាព​រីកចម្រើន​នឹង​អាច​កើតមាន​ក្នុង​អំឡុង​អាណត្តិ​រយៈពេល ៦ ឆ្នាំ​របស់​លោកស្រី​។​

​បើ​តាម​ការ​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ក្នុង​រាជធានី​ភ្នំពេញ​លោកស្រី Smith បាន​ស្វាគមន៍​ចំពោះ​ការសន្យា​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ដែល​ថា​នឹង​សហការ​ជាមួយ​ការងារ​របស់​ការិយាល័យ​លោកស្រី​។ ហើយ​លោក​ស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹម​ដោយស្មោះ​ត្រង់​ថា​កិច្ចសហការ​នេះ​នឹង​បន្ត​មាន​ដើម្បី​ការទទួល​បាន​ដំបូន្មាន​»​។

​មិនតែប៉ុណ្ណោះ ការងារ​នោះ​រួម​មាន​ការតាមដាន និង​ការរាយការណ៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​លោក​ស្រី Smith នឹង​ត្រូវ​ដាក់​របាយការណ៍​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែ​វនា​សប្តាហ៍​ក្រោយ​ព្រមទាំង​ផ្តល់​ដំបូន្មាន​ទៅ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ដែល​លោកស្រី​បាន​ជួប​នៅក្នុង​អំឡុង​បេសកកម្ម​ស្វែងរក​ការ​ពិត​របស់​លោកស្រី​។​

​ចំណោម​អ្នក​ដែល​ជួប​ជជែក​ជាមួយ​លោកស្រី Smith ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៩ ថ្ងៃ​របស់​លោកស្រី​រួម​មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី ៩ រូប​ក្នុងនោះ​ក៏​រួម​មាន​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ផងដែរ​។ លោកស្រី Smith ក៏​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​រួមមាន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ព្រមទាំង​តំណាង​សង្គម​ស៊ីវិល​មួយចំនួនទៀត​។ ហើយ​លោក​ស្រី​ក៏​បាន​ចុះ​ទៅ​ខេត្តកោះកុង​ផងដែរ ដែល​ជា​កន្លែង​សកម្មជន​បរិស្ថាន ៣ នាក់​ត្រូវបាន​ដាក់​ពន្ធនាគា​រកា​លពី​ពាក់កណ្តាល​ខែ​សីហា​ពាក់ព័ន្ធ​នឹង​ការតវ៉ា​របស់​ពួកគេ​ប្រឆាំងនឹង​ការ​បូម​ខ្សាច់​ហើយ​ពួកគេ​ត្រូវបាន​បដិសេធ​មិនឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ថ្ងៃ​អង្គារ​ដែល​ជា​ថ្ងៃ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Smith​។

​លោកស្រី Smith បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​លោក​ស្រី​នឹង «​អង្កេត​ហើយ​តាមដាន​»​ការចាប់ខ្លួន​ណាក៏ដោយ​ដែល​កើតចេញ​ពី​ហេតុផល​នយោបាយ​រួម​ទាំង​ការដាក់​ពន្ធនាគារ​នាពេល​ថ្មីៗ​នេះ​ទៅ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​លោក​ស្រី​ក៏​បាន​គូសបញ្ជាក់​អំពី​តម្រូវការ​អនុវត្ត​នៃ​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​តុលាការ​ដើម្បី​រក្សា «​ដំណើរ​វិសេស​» នៃ​ការអភិវឌ្ឍ​ក្នុងប្រទេស​កម្ពុជា​ព្រមទាំង​តួនាទី​របស់​កម្ពុជា​នៅក្នុង​តំបន់​។​

​ជាងនេះទៅទៀត លោកស្រី​បន្ថែមថា​៖ «​បន្ថែម​ពីលើ​ការពង្រឹង​នីតិរដ្ឋ​ការអភិវឌ្ឍ និង​ការធានា​ឯករាជ្យភាព​របស់​ស្ថាប័ន​ទាំងនោះ​ដែល​មាន​តួនាទី​ជាក់លាក់​នៅក្នុង​ការការពា​រ​សិទ្ធិមនុស្ស​ជាពិសេស​តុលាការ​គឺ​សំខាន់​ណាស់​សម្រាប់​ការកសាង​ឲ្យមាន​លទ្ធិប្រជាធិបតេយ្យស្ថិរ​ភាព​ដែល​ប្រជាជន​កម្ពុជា​ចង់បាន​»​។ «​ការយកចិត្តទុកដាក់​ត្រូវធ្វើឡើង​ឲ្យបាន​សមស្រប​ដើម្បី​ដោះស្រាយ​ស្ថានភាព​ដែល​ជា​បុព្វហេតុ​នៃ​ការប្រឆាំង​យ៉ាង​ទូលំទូលាយ​រួមមាន​ដូចជា​ជម្លោះដីធ្លី និង​វិវាទ​ការងារ​»​។
​នៅក្នុង​ចំណោម​ការ​មិន​ពេញចិត្ត​សំខាន់ៗ​នោះ​គឺ​ការបង្កើត​ច្បាប់​ដូចជា​ច្បាប់​ស្តីពី​អង្គការក្រៅរដ្ឋាភិបាល​ច្បាប់​សហជីព និង​ច្បាប់ ប្រឆាំង​ឧក្រិដ្ឋកម្ម​លើ​អ៊ីនធឺណិត​ដែល​ក្រុម​អ្នក​អង្កេត​ការណ៍​ឯករាជ្យ​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​រឹតបន្តឹង​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​មូលដ្ឋាន​មាន​នៅក្នុង​ច្បាប់​ទាំងនេះ​។​

​ខណៈ​លោកស្រី Smith បាន​ថ្លែងថា លោកស្រី​បាន​ផ្តល់​អនុសាសន៍​ថា​ការចូលរួម​ពី​សង្គម​ស៊ីវិល​ច្រើនជាង​នេះ​គួរ​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលរួម​នៅក្នុង​ដំណើរការព្រាង​ច្បាប់​លោកស្រី​បាន​ច្រាន​ចោល​គំនិត​ដែល​ថា​ការអនុម័ត​ច្បាប់​ដែល​ប៉ះពាល់​ដល់​បុព្វហេតុ​នៃ​សិទ្ធិមនុស្ស​ផ្ទុយ​នឹង​ការសន្យា​ពី​សមាជិក​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ក្នុង​ការគាំទ្រ​ការងារ​របស់​លោកស្រី​។ ហើយ​លោក​ស្រី​ថ្លែងថា​៖ «​ការសន្យា​សហការ​នោះ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​តួនាទី​នៃ​អាណត្តិ​របស់​ខ្លួន​មិន​មែន​ការអនុម័ត​ច្បាប់ ឬ​ការអនុម័ត​ច្បាប់​ពិសេស​ណាមួយ​នោះទេ​»៕  ដោយ ស ថ្លា​

 

hs_rona