១៥ ប្រទេស​មក​ពិភាក្សា​ពី​ការគ្រប់គ្រង​ព្រៃឈើ

រាជធានី​បាងកក ៖ តាម​ប្រតិភូ​ជាង ១០០ នាក់ មកពី ១៥ ប្រទេស នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពី​ពេល​កន្លង​ទៅ​បាន​ចូលរួម​នៅក្នុង​វេទិកា​តំបន់​មួយ រយៈពេល​បី​ថ្ងៃ​នៅក្នុង​ទីក្រុង បាងកក ដើម្បី​រួមគ្នា​លើកកម្ពស់​ពី​ចំណេះដឹង ទប់​ស្កាត និង​អភិវឌ្ឍន៍​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង និង​ប្រើប្រាស់​ព្រៃឈើ នៅ​ក្នុង​ទិសដៅ​ដើម្បី​ទប់ស្កាត់​ការបំរែប្រួល​អាកាសធា​តុ​សកល ដែល​ប្រទេស​មួយចំនួន​កំពង់តែ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ទ្រង់ទ្រាយ​ធំ​នោះ​។​

​តាម​វេទិកា​ប្រចាំ​តំបន់ ដែល​ត្រូវបាន​រៀបចំឡើង ដោយ​អង្គការ RECOFTC គឺ​បាន​ចាប់ផ្តើម កាលពី​ថ្ងៃ​ចន្ទ និង​បាន​បញ្ចប់​ទៅ​វិញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​មាន​ប្រតិភូ មកពី ១៥ ប្រទេស ចូលរួម ក្នុងនោះ​មាន​តំណាង មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន​ព្រៃឈើ និង​អ្នកសារព័ត៌មាន​ចូលរួម​ផង​ដែរ ។​

​មិនតែប៉ុណ្ណោះ តាម​អង្គការ RECOFTC បាន​លើកឡើង​ថា ៖ តម្រូវការ​ផលិតផល និង​ការប្រើប្រាស់​ព្រៃឈើ​កំពុងតែ​មាន​ការកើនឡើង​យ៉ាងខ្លាំង ហើយ​ការកាប់​បំផ្លាញ និង​ដុត​បំផ្លាញ​ព្រៃឈើ​ដើម្បី​យក​ដី​ដាំ​ដូងប្រេង ដាំ​កៅស៊ូ ធ្វើ​អាជីវកម្ម​រ៉ែ និង​ទំនប់​វា​រី​អគ្គិសនី ផ្សេងៗ​នោះ ក៏​កំពង់​ត្រូវបាន នឹង​កំពុង​កើតមានឡើង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​រួមទាំង​ប្រទេស​កម្ពុជា​ផង ។​

​ជាង​នេះ អង្គការ​សន្និសិទ្ធ​ក៏​បាន​គូសបញ្ជាក់ថា​៖ «​ការកាប់បំផ្លាញ និង​ដុត​ព្រៃឈើ​នេះ​បាន​បញ្ចេញ​ឧស្ម័ន​កាបូន​រាប់លាន​តោន​ទៅ​ក្នុង​បរិយាកាស​ដែល​បាន​ធ្វើអោយ​កើត​នូវ​បរិស្ថាន​មិន​ល្អ​ដល់​ប្រទេស​ក្នុង​តំបន់ ។​ហើយ អភិបាលកិច្ច​មិនល្អ និង​ទំនាស់​ផលប្រយោជន៍​បណ្តាលឲ្យ​មាន​ជម្លោះ​ដីធ្លី និង​ព្រៃឈើ ហើយ​វា​ក៏​ធ្វើឲ្យ​មាន​ការរំលោភ​សិទ្ធិសហគ​មន៍​ព្រៃឈើ​ផងដែរ​»​។​

​បញ្ហា​នោះ តាម​លោក James Bampton ប្រធាន​សម្របសម្រួល​កម្មវិធី​របស់​អង្គការ RECOFTC បាន​មានប្រសាសន៍ថា ៖ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ព្រៃឈើ​ចំនួន ៧៤០ លាន​ហិកតា ហើយ​ប្រជាពលរដ្ឋ​ជាង ៤៥០ លាន​នាក់ ដែល​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ បាន​និង​កំពុង​រស់នៅ​ដោយ​ពឹងផ្អែក​លើ​ធនធាន​ព្រៃឈើ​ទាំងនេះ​។​
​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​នៅ​ខណៈ​ពេល​នេះ​ដែរ​វា​ជា​រឿង​បន្ទាន់​មួយ ក្នុង​ការកាត់បន្ថយ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ប្រទេស​ជាច្រើន​។
​ការបំផ្លាញ​ព្រៃឈើ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​រូប​នៅ​លើ​ភពផែនដី​ទាំងមូល ដោយសារ​តែ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​ក​ញ្ជក់ ដែល​ជា​បញ្ហា​បំរែបម្រួល​អាកាសធាតុ​»​។​

​ដោយឡែក លោក​បាន​លើកឡើង​បន្ថែមទៀតថា ៖ ដូច​អ្វី​ដែល​បាន​បានលើកឡើង​ខាងលើ រដ្ឋាភិបាល រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​នានា ត្រូវតែ​សហកា​រណ៍​គ្នា ដើម្បី​បង្កើន​តំបន់​ព្រៃឈើ​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពលរដ្ឋ​មូលដ្ឋាន និង​ពង្រឹង​សិទ្ធិ​ពលរដ្ឋ​មូលដ្ឋាន ក្នុង​ការពង្រឹង​ការគ្រប់គ្រង​ព្រៃឈើ​នៅ​តាម​ប្រទេស​នី​មួយៗ​ប្រកបដោយ​ប្រសិទ្ធភាព ។ ហើយ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្ន​កំពង់តែ​ដើរ​ឃ្លាត​ពី​ការគ្រប់គ្រង​បរិស្ថាន​ជាតិ ដូច​នៅ​ឧធ្យាន​ជាតិវ​រះជ័យ រតនះគិរី កន្ទុយ​នាគ អោយ​ក្លាយជា​វាល​រហោស្ថាន ។​

​ឱកាស​នោះ​ផងដែរ លោក​បណ្ឌិត Don Gilmour ដែល​ជា​សមាជិក​កិត្តិយស​របស់​អង្គការ RECOFTC បានលើកឡើង​ពី​អន្តរ​ទំនាក់ទំនង​រវាង​ព្រៃឈើ និង​ទឹក​។​ហើយ​លោក​បាន​បញ្ជាក់ថា​៖ «​ព្រៃឈើ​ជួយ​កាត់បន្ថយ​ទឹកជំនន់ តែ​បើ​កាប់​ព្រៃឈើ​វិញ​នោះ គឺ​បង្កើនឲ្យមាន​ទឹកជំនន់​កាន់តែ​ច្រើន​ថែមទៀត​»​។
​លើសពី​នេះ​ព្រៃឈើ​បាន​ជួយ​កាត់បន្ថយ​ការ​សឹករេចរឹល ឬ​ច្រោះ​ដី តែ​បើ​កាប់​ព្រៃឈើ​វិញ​នោះ គឺ​វា​បង្កើន​ការ​សឹករេចរឹល​កាន់តែច្រើន​។​ហើយ​ប្រតិភូ ដែល​បាន​ចូលរួម​វេទិកា​ប្រចាំ​តំបន់ ក៏​បាន​និង​កំពុង​បង្កើត​ផែនការ​សកម្មភាព​គ្រប់គ្រង​ព្រៃ​សហគមន៍​ប្រចាំ​ប្រទេស​នីមួយៗ​ផងដែរ គឺ​ដើម្បី​ពង្រឹង និង​លើកកម្ពស់​ព្រៃ​សហគមន៍​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​នេះ​។​

​យ៉ាងណាម៉ិញ ដូច​ដែល​របាយការណ៍​វេទិកា​ជាតិ​លើក​ទី​មួយ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​រដ្ឋាភិបាល​កម្ពុជា បានឲ្យដឹងថា ៖ ក្នុង​ពិភពលោក មាន​ផ្ទៃ​ដី​ព្រៃឈើ​ទំហំ ៣៩៥២ លាន​ហិកតា​ស្នើ​នឹង ៣០ ភាគរយ​នៃ​ផ្ទៃ​ដី​ពិភពលោក​សរុប​។ ប៉ុន្តែ​ព្រៃឈើ​ជាង ១២ លាន​ហិកតា ត្រូវបាន​បាត់បង់​ជា​រៀងរាល់ឆ្នាំ​។
​ដោយឡែក ចំពោះ​ប្រទេស​កម្ពុជា​វិញ បរិមាណ​ព្រៃឈើ​បាន​នឹង​កំពុង​ថយចុះ​ជា​លំដាប់​យ៉ាង​ជាក់ស្ដែង​ដោយ​គ្មាន​ការទប់ស្កាត់​។​

​របាយការណ៍​នេះ​បានសរសេរថា កាលពី​ឆ្នាំ ១៩៦៥ កម្ពុជា​មាន​ព្រៃឈើ​សរុប​ចំនួន ៧៣ ភាគរយ​តែ​បើ​គិត​ត្រឹម​ឆ្នាំ​២០០៦​ព្រៃឈើ​នៅ​សល់​តែ​៥៩​ភាគរយ​តែ​ប៉ុណ្ណោះ​នោះ​មិន​និយាយ​ពី​ព្រៃឈើ​ដែល​កំពង់តែ​រង​ការកាប់បំផ្លាញ​ជា​បន្ដបន្ទាប់​នោះ​ទេ​។ ចាប់តាំងពី​ឆ្នាំ ២០០៦ មក​មិន​ទាន់​មាន​ស្ថាប័ន​ណាមួយ​ចេញ​ផ្សាយ​ពី​ទំហំ​ព្រៃឈើ​ដែល​នៅ​សេសសល់​ច្បាស់លាស់​នោះទេ ក្រៅ​ពី​ឃើញ​កំពង់តែ​កាប់​បំផ្លាញ​ជា​រៀងរាល់​យប់​ថ្ងៃ ៕
​ដោយ ទេ​ព្រ័ក្ស​, ស្ទាំង ស​

 

 

hunsen_saisamal

wood-123 (1)