ក្រសួងពុំគួរមើលរំលងពីសកម្មភាព នឹម ផល្លី និង ឃុន រ៉ាន់ ឃុបឃិតគ្នានាំកាកសំណល់ ២កុងតឺន័រ ពីយួននោះទេ !

នឹម ផល្លី ដែលគេស្គាល់ថា ជាមេគយដ៏មាន​ឥទ្ធិពល​ប្រចាំ​ច្រក​ទន្លេចាមត្រូវ​បានមន្ត្រី​គយ​ក្រោម ឱវាទ និងមន្ត្រីនៃ ស្ថាប័ន ផ្សេងទៀត ដែលមានភាពចម្រូងចម្រាស បានផ្តល់ព័ត៌​មានឱ្យ​ការិយាល័យយើងដឹងថា លោកមេគយរូបនេះ បានឃុបឃិតជា មួយឈ្មួញ ទុច្ចរិត​លួចរកស៊ីនាំចូល កាកសំណល់អេឡិចត្រូនិកចំនួន២កុងតឺន័រយ៉ាងព្រហើនបំផុត ។

ប្រភពក្រុមសមត្ថកិច្ចបាននិយាយថា ប្រភេទកាកសំណល់ អេឡិចត្រូនិក​នេះ​ត្រូវបានក្រសួង​បរិស្ថានហាម​ឃាត់មិន ឱ្យ នាំចូលដាច់ខាត ដោយសារតែ​វាមាន​កម្រិតនៃ​ការបំពុលបរិស្ថាន​ឬការបំពុល​បរិយាកាសខ្ពស់ អាចបង្កផលប៉ះពាល់ ដល់ សុខភាពប្រជាពលរដ្ឋទូទៅ។

ជុំវិញរឿងដ៏គួរឱ្យភ្ញាក់ផ្អើល បំផុតនៅពេលដែលមន្ត្រីតូចតាចមួយចំនួនបានលាតត្រដាងនូវអំពើពុករលួយ របស់ លោក នឹម ផល្លី ជាមេគយដ៏មានឥទ្ធិពលប្រចាំច្រកព្រំដែនទន្លេចាមស្ថិតនៅព្រំប្រទល់ ស្រុកមេមត់ ខេត្តកំពង់ចាម និងខេត្ត ប៊ិញ ភឿក របស់យួន ដែលបានលួចនាំចូលកាកសំណល់អេឡិចត្រូនិក ប្រភេទអាគុយជជុះ និងគ្រឿងបន្លាស់ផ្សេង ទៀត មកពីស្រុកយួនចំនួន២ កុងតឺន័រដោយបំពានច្បាប់ ហើយទទួលសំណូកយ៉ាងគ្រប់ទឹក ជាថ្នូរនិងការនាំចូលកាក សំណល់ដ៏គួរឱ្យ ភ្ញាក់ផ្អើលបំផុត ។

ពាក់ព័ន្ធនឹងករណីនេះគេសង្ស័យថាលោកឃុនរ៉ាន់ដែលជាមេគយខេត្តកំពង់ចាមក៏ទំនងជាអ្នកផ្តល់ ភ្លើងខៀវឱ្យមាន ការនាំចូលកាកសំណល់អេឡិចត្រូនិកផងដែរទើបអ្វីៗអាច ដំណើរការបានយ៉ាងរលូនល្អ ក្រោមការនាំចូលដោយផ្ទាល់ ពី លោក នឹម ផល្លី ហើយដែលគេសង្ស័យថា ឃុន រ៉ាន់ ក៏ទំនងជាគ្រប់ទឹកផងដែរ មិនគួរបើរដ្ឋមន្ត្រីថ្មី និងអង្គភាពប្រ ឆាំងអំពើពុករលួយ មើលរំលងបញ្ហានេះទេ ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា ការនាំចូលកាកសំណល់អេឡិចត្រូនិកចំនួន២កុងតឺន័រនោះ គឺ នឹម ផល្លី បាន ប្រើប្រាស់អំណាចរបស់ខ្លួនជាមន្ត្រីគយមិន ខ្វល់ខ្វាយពីច្បាប់ទម្លាប់អ្វីឡើយ ។ ដូចជា ដោយសារអំណាចលុយ គឺ នឹម ផល្លី ត្រូវបានគេស្គាល់ថា ជាជើងខ្លាំងក្នុងការឃុបឃិតបើកភ្លើងខៀវឱ្យក្រុមឈ្មួញនាំចូល ទំនិញគេចពន្ធ និងទំនិញ ខុសច្បាប់តាម ច្រកទន្លេចាមតាមរបៀប កាប់ដាវប្រចាំទន្លេចាមយ៉ាងដុះស្លែយូរយាមកហើយ ។ ហើយដូចជា ពាក់ព័ន្ធ នឹងបញ្ហាខុសច្បាប់ ធ្វើយ៉ាងណាឱ្យតែគាត់អាចប្រមូល លុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន និងទុកបែងចែកថ្នាក់លើ ដើម្បី អភិវឌ្ឍន៍ និងបន្តមុខតំណែងរបស់ខ្លួន បានយូរគឺជាការស្រេចឥតខ្វល់ (Sic)។

ដោយសារតែអំណាចតួនាទីនិងលុយកាក់ជាធំនោះ ទើបធ្វើឱ្យ លោក នឹម ផល្លី ជា មន្ត្រីគយប្រចាំច្រកទន្លេចាមដ៏មាន ឥទ្ធិពលហ៊ានប្រព្រឹត្តអំពើ លួចនាំចូលកាកសំណល់អេឡិចត្រូនិកមានដូចជាអាគុយ ជាដើមបំពានទៅលើបំរាម របស់ ក្រសួង បរិស្ថាននេះជាអំពើខុសច្បាប់មួយធ្ងន់ធ្ងរហើយរឿងនេះ គួរតែលោកម៉ុកមារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវតែ ធ្វើការស៊ើប អង្កេតឱ្យបានស៊ីជម្រៅដើម្បីបង្ការ កុំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរបន្តទៀត និងរួមចំណែកអនុវត្តន៍បទបញ្ជា របស់ រាជរដ្ឋាភិបាល ដើម្បីកុំឱ្យប្រទេសកម្ពុជា ក្លាយជាធុងសំរាមនៃការនាំចូលកាកសំណល់ពី បណ្តាប្រទេសដទៃ តទៅទៀត។

ពាក់ព័ន្ធករណីនេះ គឺជាលើកទី ២ ហើយបន្ទាប់ពីឈ្មួញនាំចូលកាកសំណល់ក្នុងខេត្តព្រះសីហនុ ហើយដែលមានការ បកអាក្រាតស្ទើរដល់លីអូពីសំណាក់មន្ត្រីតូចតាចទៅលើមេដឹកនាំឈ្មោះ នឹម ផល្លី មេគយច្រកទន្លេចាមនេះ ។ ដោយ ឡែក ពាក់ព័ន្ធនឹងករណីឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធនេះ គេមិនជឿថា នឹម ផល្លី អាចធ្វើអ្វី ។ នាំចូលកាកសំណល់ រឿងធំដ៏ប៉ិន មេឃនេះ ដោយមិនឆ្លងកាត់ ឃុន រ៉ាន់ ជាមេសាខាគយនោះទេ ។

ជាពិសេសពាក់ព័ន្ធនឹងផលប្រយោជន៍វិញ ឃុន រ៉ាន់ អាចទទួលលាភសក្ការៈធំ ហើយបើនិយាយពីករណីគ្រោះថ្នាក់ វិញ មិនមែនមេសាខាគយខេត្តកំពង់ចាម ឃុន រ៉ាន់ និងនឹម ផល្លី មេស្នាក់ការគយទន្លេចាម មិនដឹងមិនយល់ឯណា ។ ដូច្នេះ គេ គិតថា អាថ៌ទទួលប្រយោជន៍ធំពីឈ្មួញយ៉ាងត្រជាក់ចិត្តនោះមិនខានទាំង ឃុន រ៉ាន់ និងនឹម ផល្លី ផងដែរ ។ ផ្ទុយ ទៅវិញ ពាក់ព័ន្ធនឹងតម្លាភាពដែលមន្ត្រីគយថ្នាក់ធំដូច ឃុន រ៉ាន់ និងនឹម ផល្លី ហ៊ានប្រព្រឹត្តអំពើពុករលួយទាំង បំពាន ច្បាប់យ៉ាងចំហបែបនេះ មិនគួរបើស្ថាប័នគយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងពាក់ព័ន្ធនឹងអង្គភាពប្រឆាំងអំពើពុក រលួយមើលរំលងពីសកម្មភាពរបស់ ឃុន រ៉ាន់ មេសាខាគយកំពង់ចាម និងនឹម ផល្លី មេស្នាក់ការទន្លេចាមនោះទេ ។/
ដោយ ៖ ប្រក្សទក្សិណ

20131222