វិចារណកថា ៖ ការបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ គឺជាការ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​យ៉ាង​កំរោល

ក្រោយពេល លោក ហ៊ុន សែន ក្រាញអំណាចតាមរយៈការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សដោយគ្មាន សេចក្តីអៀនខ្មាស់រួចមក គឺមន្ត្រីអាជ្ញាធរមូលដ្ឋានរបស់គណបក្សនេះ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន កំពុងយកមេរៀន របបកុម្មុយនីស្តមកបិទសិទ្ធិសេរីភាពពលរដ្ឋយ៉ាងកំរោល។

ប្រភពមន្ត្រីនគរបាលនៅខេត្តកណ្តាលមួយចំនួនបានសម្តែងសេចក្តីព្រួយបារម្ភនៅពេលដែលថ្នាក់លើ ចាត់វិធានការ ស៊ើបអង្កេតរកអ្នកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ ។

តាមប្រភពមន្ត្រីនគរបាលមួយចំនូននៅក្នុងខេត្តកណ្តាល បានឱ្យដឹងថា ពួកគេកំពុងព្រួយបារម្ភ ខ្លាចមាន ការគាបសង្កត់ ដោយសារការរើសអើងផ្នែកនយោបាយ បន្ទាប់ពីលេចឮព័ត៌មានថា លោកស្នងការ អ៊ាវ ចំរើន បានស៊ើបអង្កេតរកអ្នក ចូលរួមសកម្មភាព និងគាំទ្រគណបក្សសង្គ្រោះជាតិ ។

មន្ត្រីនគរបាលមួយរូបនៅខេត្តកណ្តាល បានឱ្យដឹងថា ស្នងការនគរបាលខេត្តបានបញ្ជាឱ្យមានការស៊ើប អង្កេតនៅថ្នាក់ អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលទូទាំងខេត្ត ដើម្បីវែកមុខនគរបាលណា ដែលចូលរួម សកម្មភាព នយោបាយ និងគាំទ្រគណបក្ស សង្គ្រោះជាតិ ។

ក្រុមមន្ត្រីនគរបាលដែលមានឆន្ទៈគាំទ្រគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ពួកគេមានសេចក្តីព្រួយ បារម្ភយ៉ាង ខ្លាំងប្រសិនបើមានការស៊ើបអង្កេត ព្រោះនៅក្នុងខេត្តកណ្តាល គណបក្សប្រជាជន បានចាញ់ឆ្នោតយ៉ាងអាម៉ាស់មុខបំផុត ។ ការចាញ់ឆ្នោតរបស់គណបក្សប្រជាជន ធ្វើឱ្យគេសង្ស័យថា នគរបាល និងកម្លាំងប្រដាប់អាវុធផ្សេងទៀត មិនគាំទ្រ គណបក្សប្រជាជន ទើបគេចាត់វិធានការ ស៊ើបអង្កេត នៅពេលនេះ ។

ក្រោយពេលដែលព័ត៌មានដូចខាងលើនេះ ត្រូវបានទម្លាយសម្រាប់តែលោក កង សំបូរ ស្នងការរង នគរបាល ខេត្ត កណ្តាល បានច្រានចោល ហើយបញ្ជាក់ថា ស្នងការដ្ឋានមិនបានបញ្ជាឱ្យថ្នាក់ក្រោមស៊ើប អង្កេតលើមន្ត្រី នគរបាលនោះទេ ។ ប៉ុន្តែមន្ត្រីនគរបាលជាច្រើនរូបនៅតែអះអាងថា ពួកគេពិតជាបាន ឮព័ត៌មាន ជុំវិញ ការស៊ើបអង្កេតរកមុខមន្ត្រីនគរបាលដែល គាំទ្រគណបក្សសង្គ្រោះជាតិ ហើយបើបញ្ហានេះ កើតឡើងមែន ពួកគេប្រាកដជាប្រឈមនឹងបញ្ហាចៀសមិនផុតឡើយ ។

បើតាមក្រុមមន្ត្រី អង្គការក្រៅរដ្ឋាភិបាល បានលើកឡើងថា ប្រសិនបើមាន ការស៊ើបអង្កេត រកអត្តសញ្ញាណ មន្ត្រីនគរបាល ដែលគាំទ្រគណបក្សសង្គ្រោះជាតិមែន គឺជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងពេញបន្ទុក ហើយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាល មិនស្របច្បាប់ត្រូវ ចាត់វិធាន ការទប់ស្កាត់ ជាបន្ទាន់ កុំឱ្យរឿងបែបនេះ កើតឡើង បើមិនដូច្នេះទេ វិបត្តិនៃការរើសអើង នយោបាយក្នុង ជួរកម្លាំងប្រដាប់អាវុធ ពិតជាផ្ទុះឡើងគួរឱ្យព្រួយបារម្ភជា មិនខាន ។

រឿងដោយឡែកមួយទៀត ក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សក្នុងខេត្តពោធិ៍សាត់ បានលើកឡើងថា រដ្ឋធម្មនុញ្ញ ដែល​ជា ច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់អំពីសិទ្ធិសេរីភាពនៃការធ្វើដំណើរ ជិត​ឆ្ងាយរបស់ប្រជាពលរដ្ឋខ្មែរ ។ ប៉ុន្តែជាក់ស្តែងមន្ត្រីអាជ្ញាធរមូលដ្ឋាននៅខេត្តពោធិ៍សាត់ កំពុងតែធ្វើ​សកម្មភាព​រឹត ត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋមិន ខុសអ្វីពីរបៀបរបបដឹកនាំរបស់លោក ហ៊ុន សែន កាល​ពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ នោះទេ ។

ទាក់ទងនឹងបញ្ហានេះប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យុប្រចាំខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ច​ស្រុក ភ្នំក្រវាញចុះទៅរារាំងនិងសួររកលិខិតស្នាមផ្សេងៗ ខណៈដែលបុគ្គលិកសមាគមចំនួន ៤នាក់ ធ្វើ​ដំណើរទៅសួរសុខទុក្ខ គ្រូបង្រៀននៅឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

មន្ត្រីសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យបានចាត់ទុកសកម្មភាពរបស់សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញថា ជាទង្វើផ្ទុយ និងរដ្ឋធម្មនុញ្ញ ហើយធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងរបបផ្តាច់ការដូចកាលពីអំឡុងឆ្នាំ ១៩៧៩-១៩៩១ ។

អ្នកស្រី គឹម តារានី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែតុលា អ្នកស្រី និងក្រុមការងារចំនួន ៣នាក់ ក្នុងនោះ មានទីប្រឹក្សាសមាគម​ម្នាក់ជាស្ត្រី​ជនជាតិ​អៀរឡង់ បានចុះទៅជួបក្រុមគ្រូបង្រៀន ៣នាក់ នៅសលាបឋមសិក្សាបាត់ត្រកួន ស្ថិតនៅ​ក្នុងភូមិបាក់​ត្រកូន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងបំណងចង់​ដឹងអំពីជីវភាពរស់នៅ​បញ្ហាប្រាក់បៀរវត្សរ៍ និងស្ថានភាព នៃការអប់រំនៅទីនោះ ។

ពេលទៅដល់ស្រាប់តែមានសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ៤នាក់ ក្នុងនោះទី ១ ឈ្មោះ មឿន សំអុល, ទី២-ឈ្មោះ យស់ ប៊ុន និងទី៣-ឈ្មោះ ឡេង ចាន់ណា អ្នកទាំងបី គឺជានគរបាលស្រុកភ្នំក្រវាញហើយ ទី៤-ឈ្មោះ ពក វណ្ណា ជានាយប៉ុស្តិ៍នគរបាល បានចុះមករារាំង និងបម្រុងនាំពួកគាត់ទៅកាន់ប៉ុស្តិ៍នគរបាលឃុំលាច ។

អ្នកស្រី គឹម តារានី បានឱ្យដឹងទៀតថា សមត្ថកិច្ចនគរបាលទាំងនោះ បានឆែករកលិខិតស្នាមរបស់ ក្រុម​ការងារអ្នកស្រី ដែលជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើល ព្រោះរបៀបរបបការងារបែបនេះមិនខុសពីរបបផ្តាច់ ការកុម្មុយនីស្តនោះទេ ។

យោងតាមសំដីរបស់អ្នកស្រី គឹម តារានី បានបញ្ជាក់ទៀតថា ទង្វើរបស់សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ មកលើពួកគាត់ គឺជាការរំលោភលើរដ្ឋធម្មនុញ្ញែដលមានចែកអំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហើយ​អ្នកស្រី និងរកជំនួយផ្លូវច្បាប់ដើម្បីប្តឹងមន្ត្រីនគរបាលទាំងនោះ ទៅក្រសួងមហាផ្ទៃ ។

ជុំវិញបញ្ហានេះក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ថា ការដែលនគរបាលស្រុកភ្នំក្រវាញឆែកឆេររក លិខិតស្នាមរបស់ក្រុមគ្រូបង្រៀន និងជនជាតិអៀរឡង់ ដែលទៅជួបគ្រូបង្រៀននៅក្នុងឃុំលាចនោះ គឺមិនខុសពីការរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាឡើយ ។ ប្រការនេះជារឿងដែលលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​នៃរដ្ឋាភិបាល​មិនស្រប​ច្បាប់ ត្រូវពិនិត្យមើលឡើងវិញកុំឱ្យមន្ត្រីនគរបាលថ្នាក់ស្រុក និងថ្នាក់ឃុំធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត ។

លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យបានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា គឺប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពក្នុងការដើរហើរ និងជួបជុំគ្រប់គ្រាន់លើកលែង​តែស្ថានភាពនយោបាយ​នៅក្នុងប្រទេស​មាន​សភាព អាប់អួរទើបមានការហាមឃាត់ ។

បើតាមលោកបណ្ឌិត បានវែកញែកទៀតថា អាជ្ញាធរមានភារកិច្ចបម្រើប្រជាពលរដ្ឋ ក៏ប៉ុន្តែនៅក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្នគឺជាទូទៅអាជ្ញាធរធ្វើការបម្រើឱ្យគណបក្សនយោបាយទៅវិញ ។ ហើយលោកបណ្ឌិត បាន​បញ្ជាក់ទៀតថា ការហាមឃាត់សិទ្ធិសេរីភាពដើរហើររបស់ប្រជាពលរដ្ឋ គឺជាទង្វើខុសច្បាប់ និងបំពាន​ទៅលើរដ្ឋធម្មនុញ្ញ ក៏ដូចជា សិទ្ធិមនុស្សដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ ហើយក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា រដ្ឋាភិបាលមិនស្របច្បាប់របស់លោក ហ៊ុន សែន និងក្រសួង​មហាផ្ទៃ គួរណែនាំមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យ គោរពរដ្ឋធម្មនុញ្ញ និងគោរពសិទ្ធិសេរីភាព​របស់ប្រជាពលរដ្ឋ ។

ច្បាប់រដ្ឋធម្មនុញ្ញែដលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៤០ បានចែងថា សេរីភាពក្នុង​ការដើរ​ឆ្ងាយជិត និងតាមទីលំនៅស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបានគោរព ។ ប្រជាពលរដ្ឋខ្មែរ​អាចចេញ​​ទៅតាំងទីលំនៅក្រៅ ប្រទេស ឬវិលត្រឡប់មកវិញបាន ។ ការរក្សាសិទ្ធិមិនឱ្យរំលោភ​លើលំនៅ​ដ្ឋាននិងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមរយៈលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមនាគមន៍ និងតាមទូរស័ព្ទ​ត្រូវបានធានា ។ ហើយពាក់ព័ន្ធនឹងការឆែកឆេរលំនៅដ្ឋាន សម្ភារៈ វត្ថុ និងលើរូបបុគ្គលត្រូវធ្វើឱ្យ​ស្របនឹង​បញ្ញត្តិច្បាប់ ។ ដូច្នេះទង្វើរបស់សមត្ថកិច្ចនគរបាលស្រុកភ្នំវាញ ខេត្តពោធិ៍សាត់ កាលពី ពេលថ្មីៗនេះ គឺជា​អំពើរំលោភសិទ្ធិប្រជាពលរដ្ឋយ៉ាងកំរោល ហើយជាការរឹតត្បិតសិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​មិនខុសពីរបប​កុម្មុយនីស្តឡើយ ។ នេះជាបញ្ហាមួយដែលរដ្ឋាភិបាលមិនស្របច្បាប់របស់លោក ហ៊ុន សែន ត្រូវពិនិត្យឡើង​វិញ ហើយត្រូវ គោរពឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស គឺត្រូវគោរពសិទ្ធិសេរីភាព​របស់ប្រជាពល​រដ្ឋឱ្យ បានពេញលេញតាម គោលការណ៍ប្រជាធិបតេយ្យមិនត្រូវធ្វើដូចពីមុនទៀតទេ ។ ព្រោះក្រែងអួត​ខ្លួនថា កម្ពុជាពោរពេញទៅដោយប្រជាធិប តេយ្យនោះ ។/

ដោយ ៖ វណ្ណៈ