យិន យ៉ា រក្សា​ទុក​រណា​យន្តទុក ចាប់​គាប​ជំរិត​យក​លុយ​ពីអ្នក​ក្រីក្រ

ក្រុមអ្នកស្រុកចំនួន៦ភូមិ ក្នុងឃុំខ្លែង ស្ពានស្រុកស្រីស្នំ ខេត្តសៀមរាប ដែល ជាប្រជា​កសិករ​ក្រីក្រ រកស៊ីតូចតាចដោយ​​ប្រើប្រាស់ឧបករណ៍ ម៉ាស៊ីនត្រង់ ស៊ីន័រ ដែលច្បាប់​ហាម​ឃាត់ មានជាអាទិ៍ដូចជា ភូមិដង្កោ មានម៉ាស៊ីន​ត្រង់​ស៊ីន័រ ១៦ គ្រឿង, ភូមិសាលាមាន ៥៧ គ្រឿង, ភូមិលៀប៥៧គ្រឿង,ភូមិកណ្តាល, ភូមិ រមៀត, ភូមិចារ បីភូមិនេះមានម៉ាស៊ីន ង៉ោង៥០គ្រឿង សរុបទាំង៦ភូមិ មាន ម៉ាស៊ីនង៉ោង១៧០គ្រឿង ។ ប៉ុន្តែ ឧបករណ៍ ម៉ាស៊ីន​ង៉ោង របស់អ្នកស្រុក ទាំង​អស់នោះ បើចង់យក​ទៅ​អារឈើ គឺត្រូវ​តែ​បង់លុយ​ខែ​ឱ្យ​លោក យិន យ៉ា មេព្រៃ ស្រុកចុងកាល់ទើបបាន ។

តាមអ្នកស្រុកជាច្រើននាក់ បានប្រាប់ អ្នកយកព័ត៌មានយើងឱ្យដឹងថា ៖ ពួក គាត់មានម៉ាស៊ីនង៉ោង បើចង់ អារឈើ ដូចជាអុស អារគ្រាក់ និយាយរួមឱ្យ តែអារឈើ​មិនថា ឈើងាប់ ប្ញុរស់ នៅ ក្នុងដីស្រែចំការពួកគាត់ ត្រូវបង់ លុយជូន លោក យិន យ៉ា មុននឹងចុះទៅអារ បើមិនដូច្នោះទេ យិន យ៉ា ចាប់បាន ច្បាស់ជាអស់ប្រាក់កាសច្រើន ទ្វេដងមិនខាន ។

ជាក់ស្តែងពលរដ្ឋនៅភូមិដង្កោ ដែល មិនសូវមានឈើអារ ម៉ាស៊ីន១គ្រឿង គឺត្រូវបង់ឱ្យ យិន យ៉ា ចំនួន ១៥ម៉ឺនរៀល ក្នុង១ខែផងដែរ ។ ដូចជាក្នុងភូមិសាលា-ភូមិលៀបក្នុង ១គ្រឿងចំនួន២០ម៉ឺនរៀល ។

ឯប្រជាពលរដ្ឋ​ឈ្មោះ​យ៉ា ខ្នុយ,ឈាន ឃិន បាន ប្រាប់ឱ្យដឹងថាៈលោកយ៉ា មកចាប់ពួក គាត់គម្រាមយក ប្រាក់ ក្នុង​ម៉ាស៊ីន​ត្រង់ស៊ីន័រ ១គ្រឿងចំនួន ៣៥ម៉ឺនរៀល ។

លោក លេន ឡា មេភូមិដង្កោបានប្រាប់អ្នក យកព័ត៌មានយើងឱ្យដឹងថា សកម្មភាព គាបសង្កត់ធ្វើបាប ប្រជាពលរដ្ឋ របស់ គាត់ពីសំណាក់មនុស្ស៣នាក់ គឺទី១-  ឈ្មោះ យិន យ៉ា មេព្រៃស្រុកចុងកាល់, ទី២-ឈ្មោះ កុក ដែលអួតខ្លួនថា ជាទាហានកងពលតូចលេខ ៤២ កូនចៅ លោក ប៉ែន វ៉ូយ និងទី៣-ឈ្មោះ គីម មេព្រៃបណ្តែតកូន ចៅលោក វ៉ុន ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុក ចុងកាល់។

លោក លេន ឡា បន្តថា ឱ្យតែមានអារឈើ គឺជនទាំងបីនេះ យកប្រាក់ទាំងអស់ ។ ដោយឡែក យិន យ៉ា ត្រូវពលរដ្ឋ​ចោទ​ថា បានដាក់កំណត់ ឱ្យបង់លុយជាប្រចាំខែទាំង ៦ ភូមិ ដែលមានម៉ាសីនង៉ោងចំនួន១៧០ គ្រឿង ។
ដោយឡែក ក្រុមអ្នកស្រុកអារឈើធ្វើផ្ទះ ពីរ ឬ បីម៉ែត្រគូប ក៏ យិន យ៉ា តម្រូវឱ្យបង់ប្រាក់ ចំនួន ២៥ ម៉ឺនរៀល ព្រមទាំង​ឱ្យម្ចាស់ ម៉ាស៊ីនត្រង់ស៊ីន័រ តម្រូវឱ្យយកឈើគ្រឿងផ្ទះ ៤ ឬ៥សន្លឹកជាកាដូឱ្យខ្លួនផង ទើបធ្វើ អាជីវកម្មបាន ។

ក្រុម​ប្រជាពលរដ្ឋបានបន្តថា សកម្មភាពរបស់ យិន យ៉ា ធ្វើរបៀបនេះ បានឈើធ្វើផ្ទះលក់អស់ ពីរខ្នងហើយ មួយៗតម្លៃ​រាប់ពាន់ដុល្លារ អាមេរិក ហើយសព្វថ្ងៃនៅផ្ទះ១ខ្នង ទៀតកំពុងពពាយនាយលក់នេះជាល្បិចរបស់ យិន យ៉ា ជាន់ឈ្លី​ញើស​ឈាមប្រជាពលរដ្ឋក្រីក្រ ។

បើតាមប្រជាពលរដ្ឋដែលរងការគាបសង្កត់ បានបន្តថា មុនលោក យិន  យ៉ា មក នៅភូមិ លៀប,ភូមិដង្កោល គឺឈើល្អ​ច្រូងនៅដូចទំពាំង ប៉ុន្តែឥឡូវអស់ហើយ ដោយសារមេព្រៃរូប នេះឥតប្រយោជន៍ មិនបានការពារព្រៃឈើ ទេ គឺបែរជា​ឃុបឃិតគ្នាជាមួយឈ្មួញ មិនបង្ក្រាបបទល្មើសព្រៃឈើ សូម្បីបន្តិច គឺដើម្បីយកប្រាក់ធ្វើមានធ្វើបាន ផ្ទាល់ ខ្លួន ផឹកស៊ី​ចាយវាយហ៊ឺហារគឺ យិន យ៉ា មិនដឹងមិនឮទាំងអស់ក្រៅពីលុយ ។ ហើយ លោក យិន យ៉ា ក៏ត្រូវ ពលរដ្ឋចោទថា ធ្វើ​បាបអ្នកក្រី ក្រអារឈើកំប៉ិកកំប៉ុកឱ្យ ងើបមុខមិនរួច រត់ចោលស្រុក ព្រោះជំពាក់ប្រាក់គេ វ័ណ្ឌក ដោយសារ យិន យ៉ា គាបជម្រិតញើសឈាម ។

ផ្ទុយទៅវិញ លោក កែវ គង់ ប្រធានក្រុមប្រឹក្សាឃុំខ្លែងស្ពាន បានប្រាប់អ្នកយក ព័ត៌មានយើងតាមទូរស័ព្ទ ឱ្យដឹងថា  រឿង​ដែលប្រជាពលរដ្ឋ និងមេភូមិលើក ឡើងពិតជាត្រឹមត្រូវ ព្រោះឈ្មោះ យិន យ៉ា និងបក្ខពួក បាន ប្រព្រឹត្តដូច្នេះមែន ។

ព័ត៌មានដដែលលោក គង់ បន្តថា រឿងនេះលោកបាន រាយការណ៍ ជូនលោកអភិបាលស្រុក ស្រីស្នំហើយ តែមិនដឹង​មូលហេតុអ្វីមក ដល់ពេលនេះស្ងាត់ឈឹង? ។ យិន យ៉ា ក៏បានសារភាពប្រាប់យើងតាម ទូរស័ព្ទថាៈ គាត់មិន ដែលដាក់​ខែ​យក ប្រាក់ពីអ្នកណាទេ ម៉ាស៊ីនចាប់បាន១ គ្រឿងមែន ហើយបានបញ្ជូនទៅកន្លែង តែម្ចាស់ម៉ាស៊ីនអង្វរ ពេក ទើប​យក​លុយ ៣៥ម៉ឺនរៀល ឱ្យម៉ាស៊ីនទៅវិញ ។

ជុំវិញបញ្ហានេះ ចំពោះករណីឈើ លោកសុំយកមកធ្វើ ផ្ទះមែន ។ពេលសួរថាៈឈើពីមុនព្រៃ លិចដំរី ឥឡូវអស់ដោយ​សារអ្វី?លោក យិន យ៉ា ឆ្លើយថាៈ ដោយសារមេឱ្យ កម្លាំងមកការពារតិចពេក បានជាអស់ព្រៃ ។

បញ្ហានេះដែរ លោក ដោ ភីរិទ្ទ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុក ក្រឡាញ់បានថ្លែងឱ្យដឹងថាៈ ចំពោះ រឿងម៉ាស៊ីន​ង៉ោង របស់ប្រជាពលរដ្ឋ ទាំង៦ភូមិនេះ គឺមេព្រៃស្រុកចុងកាល់ ជាអ្នកគ្រប់គ្រង បើចង់ចុះកាសែត ក៏ ចុះទៅខាងមេព្រៃ​ចុង​កាល់ទៅ រូប លោកអត់ដឹទេ ។ លោកស្រីណា រ៉េន ប្រធានសមាគមអាដហុកប្រចាំ ខេត្ត ឧត្តរមានជ័យបានឱ្យដឹងថា ៈ បើពលរដ្ឋ ប្រើប្រាស់ក្នុងលក្ខណៈគ្រួសារគឺ មិនខុសទេ ប៉ុន្តែមន្ត្រីអភិរក្សដែលអង្គុយធ្វើ ទីងមោងចាំទទួល​តែសំណែន​នោះ គួរតែមានទោស ។/
(ដោយៈ នាយឧត្តរ)

2013_11_28_015