ស័ក្តិ ៥ ទាហាន ផាំង គីម អាង​ស្បែក​ជាយោធា​ទៅរក​ស៊ីចិញ្ចឹម​ត្រីឆ្តោ និងប្រមូល​ទិញ​ត្រីខុស​ច្បាប់​ពេញ​ខេត្ត​កណ្តាល

ជុំវិញទូទាំងខេត្តកណ្តាល នរណាក៏គេ​ស្គាល់មេ​ឈ្មូញ ផាំង គីម ដែលជា​មន្ត្រីយោធា​ផ្នែកអង្គ​រក្ស​ពាក់ស័ក្តិ ៥ ដែលជា​​មនុស្ស​ក្រអឺត​ក្រទម​រកស៊ីដឹក​ជញ្ជូនត្រីមក​ពីស្រុកយួន និងប្រមូល​ទិញត្រីឆ្តោ​ដោយ​ខុសច្បាប់​យកមកលក់ នៅយឿ​ច្បារ​អំពៅផង ។ ហើយគេ​មិនដែល​​ឃើញមន្ត្រី​ជំនាញជល​ផល ឬសមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ក្អក​នោះទេ ទុកឱ្យលោក ផាំង គីម ធ្វើអ្វីៗតាម​តែទំនើង​ចិត្ត ហើយ​គេមិន​ដឹងថា ក្នុងមួយខែៗ ឬការដឹក​ជញ្ជូន​ត្រីមួយ​ជើងៗ លោក ផាំង គីម បានបង់​លុយ​ឱ្យជំនាញ​ជលផល​ឱ្យលោក ឃ្លាំង វណ្ណធុល និងលោក សេង ធីម ចំនួនប៉ុន្មាននោះទេ ទើបអ្វីៗចេះតែដំណើរការ​ដោយ​រលូនល្អ មិនដែលមានឧបសគ្គបង្ក្រាបពីជំនាញអស់នោះម្តងណាសោះ ។

តាមក្រុមប្រជាពលរដ្ឋបានសួរដេញដោលថា ទៅកាន់មន្ត្រីជំនាញជលផលអំពីភាពអនាធិបតេយ្យនៃការចិញ្ចឹមត្រីឆ្តោ នៅទូទាំងខេត្តកណ្តាល ជាពិសេសការចិញ្ចឹមត្រីឆ្តោរបស់ឈ្មួញធំៗឈ្មោះ ហុង នៅវាលទួលក្រសាំងជាង ២០​ម៉ឺន​ក្បាល និងការចិញ្ចឹមត្រីឆ្តោរបស់មេឈ្មួញ ផាំង គីម នៅឃុំសិត្បូ ចំនួន ១០ម៉ឺនក្បាល ដែលជា​ប្រភព​នៃការ​បង្កើត​ឱ្យ​មាន បទល្មើសនេសាទដូចជា ការដាក់ស្បៃមុង សៃយ៉ឺន ចាប់យកត្រីតូចៗយកទៅធ្វើជានុយសម្រាប់​ការចិញ្ចឹម​ត្រីឆ្តោ ខុសច្បាប់ក្នុងមួយថ្ងៃៗរាប់សិបតោនមិនដែលមានការបង្ក្រាបទេ ។

ផ្ទុយទៅវិញជំនាញជលផលបានអះអាងថា ត្រូវរង់ចាំគោលការណ៍របស់សាលាខេត្ត ប៉ុន្តែមកដល់ម៉ោងនេះអ្វីៗនៅតែ ដដែល ពោលគឺក្រុមឈ្មួញធំៗ ដូចជា លោក ផាំង គីម ជាដើមនៅតែមាន​សិទ្ធិអំណាច​ក្នុងការចិញ្ចឹម​ត្រីឆ្តោខុស​ច្បាប់​ជាង ១០ម៉ឺនក្បាល នៅក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ស្ថិតនៅក្បែរវត្តកំពូលព្រឹក្ស  ឆៀងខាងលិច​ចម្ងាយប្រ​មាណ ៥០០ម៉ែត្រ ហើយបើរំពឹងលើ គោលការណ៍របស់ខេត្ត សម្រាប់ការបង្ក្រាបស្រះ​ចិញ្ចឹមត្រីឆ្តោនោះ​មិនដឹងជា​ថ្ងៃណា​ទេ ។ តែផ្ទុយបញ្ច្រាសមកវិញ មិនមែនជាគោលការណ៍ទេ វាគឺជាច្បាប់លុយ ឬមិនបង់លុយឱ្យ សេង ធីម និង​ឃ្លាំង វណ្ណធុល ប៉ុណ្ណោះ បើបង់លុយ គឺ (OK)បើគ្មានទេ ហេ៎ស គឺបង្ក្រាបតែម្តង (Sic) ។

ប្រភពប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា សិទ្ធិអំណាចនៃការបង្ក្រាបត្រីឆ្តោល្មើសច្បាប់របស់ លោក ផាំង គីម មិនដឹងជាត្រូវរង់ចាំបទបញ្ជាមកពីណានោះទេ ព្រោះជំនាញជលផលមានសិទ្ធិពេញលេញក្នុងការបង្ក្រាប ការចិញ្ចឹម​ត្រីឆ្តោ​ខុសច្បាប់ ឬការដឹកជញ្ជូនរបស់មេឈ្មួញ ផាំង គីម វាគឺជាបទល្មើសជាក់ស្តែង ហើយបើរង់ចាំ គោលការណ៍ ឬបទបញ្ជាពីថ្នាក់ខេត្ត គេអាចវាយតម្លៃបានថា លោក ផាំង គីម អាចបន្តចិញ្ចឹមត្រីឆ្តោខុសច្បាប់ ហើយចាប់ត្រីយក​ទៅ​លក់តាមទីផ្សារក៏គ្មាននរណាចេញមុខបង្ក្រាបដែរ ព្រោះគេដឹងថា នៅពេលចាប់ផ្តើមដាក់កូន ត្រីឆ្តោចិញ្ចឹម លោក ផាំង គីម បានរត់ការបង់លុយុឱ្យមន្ត្រីជំនាញជលផល និងមន្ត្រីពាក់ព័ន្ធសព្វគ្រប់អស់ហើយ ទើបអ្វីៗដំណើរការដោយរលូន ។ និយាយឱ្យចំគឺសូកលុយបង់ខែឱ្យ សេង ធីម និងឃ្លាំង វណ្ណធុល ជាប្រចាំខែរដូវកាល រួចជាស្រេច ។

ក្រុមប្រជាពលរដ្ឋដែលចិញ្ចឹមខ្នាតតូចៗបានបញ្ជាក់ត្អូញត្អែរថា ស្រះចិញ្ចឹមត្រីឆ្តោធំៗចំនួន ២កន្លែងរបស់ ផាំង គីម ដែល​មានតួនាទីជាអង្គរក្ស នៅក្នុងភូមិកំពង់ព្រីងនោះ មានប្រមាណ ១០ម៉ឺនក្បាល គ្រាន់តែស៊ីកូនត្រីតូចៗជានុយ ក្នុង​មួយថ្ងៃជាង ១តោនកន្លះ ឯណោះ ហើយច្បាស់ណាស់ដែលថា ជំនាញជលផលរបស់លោក ឃ្លាំង វណ្ណធុល ក្តោបក្តាប់​សកម្មភាពល្មើសច្បាប់នេះ បានច្បាស់ដូចថ្ងៃរះ ប៉ុន្តែពួកគេមិនដែលប៉ះពាល់ទេ ដោយសារតែមានទំនាក់ទំនងផ្នែក ផល​ប្រយោជន៍នោះវាធំជាងឯងច្បាប់ទៅទៀត ដូច្នេះហើយបានជាគេធ្វើជាងទឹកភ្នែកស្រស់ទៅ ។

តាមពិតទៅ លោក ផាំង គីម បានប្រើស្បែកជាអង្គរក្ស ដើម្បីពង្រឹងពង្រីកឥទ្ធិពលអំណាចក្នុងការរកស៊ី ចិញ្ចឹមត្រីឆ្តោ​ខុសច្បាប់ផង និងការប្រមូលទិញត្រីឆ្តោ នៅទូទាំងខេត្តកណ្តាល និងយកទៅចែកចាយនៅយឿច្បារ អំពៅផង ហើយ​ករណីខ្លះទៀតលោក ផាំង គីម បាននាំចូលត្រីឆ្តោ និងត្រីរ៉ស់មកពីស្រុកយួនដែលមានប្រើប្រាស់ សារធាតុគីមីផងដែរ ហើយរាល់ការដឹកជញ្ជូនត្រីខុសច្បាប់ទាំងនោះសុទ្ធតែមានការសែនព្រេនជំនាញជលផលទាំងអស់ ទើបអ្វីៗអាចមានដំណើរ ការដោយរលូនល្អ ។

ដោយឡែក អ្វីជាចម្ងល់ចំពោះបុគ្គល ផាំង គីម គេមិនដែលឃើញបង្ហាញវត្តមានក្នុងបន្ទាយទេ គឺសកម្មបំផុតក្នុងការ រកស៊ីចិញ្ចឹមត្រីឆ្តោ និងដឹកជញ្ជូនត្រីខុសច្បាប់ស្ទើរខូងផ្លូវជាតិលេខ ២១ ទៅហើយ បើទោះបីជា​នៅតាម​ដងផ្លូវនេះ​មាន​ប៉ុស្តិ៍ ជជុះរបស់សមត្ថកិច្ច និងមន្ត្រីជំនាញច្រើនស្អេកស្កះដូចម្រាមដៃក៏ដោយក៏គ្មាននរណាហ៊ានប៉ះពាល់ដែរ ពោលគឺចាំតែ​លាតបាតដៃសុំប្រាក់ពីលោក ផាំង គីម តែប៉ុណ្ណោះ ។

បើតាមឈ្មួញតូចតាចមួយចំនួនដែលរកស៊ីចិញ្ចឹមត្រីឆ្តោប្រមាណ ៥ពាន់ក្បាល ក្នុងមួយស្រះ ឬមួយបែ តែងតែមាន ការ​យាយីរំខានពីមន្ត្រីជំនាញជលផលពុករលួយចុះទៅកោសរូសគាបជំរិតទារលុយជាថ្នូរនៃការមិនបង្ក្រាបជាប្រចាំ ហើយ ពេលខ្លះជំនាញជលផលទៅទារលុយក្នុងមួយរដូវ ២ ទៅ ៣ដងឯណោះ ទៅតាមឱកាសដែលពួកគេអាចធ្វើបាន ។ ប៉ុន្តែសម្រាប់ការចិញ្ចឹមត្រីឆ្តោខ្នាតធំជាង ១០ម៉ឺនក្បាលរបស់លោក ផាំង គីម ឡើងទៅបែរជាគ្មាននរណា​ហ៊ាន​កោស​រូស សោះ ព្រោះតែមានទំនាក់ទនងផលប្រយោជន៍ក្នុងការបង់លុយឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំឆ្នាំ ឬ​ប្រចាំខែ ទើបគ្មាននរណាហ៊ានប៉ះពាល់ហើយការរក្សាបទល្មើសចិញ្ចឹមត្រីឆ្តោរបស់លោក ផាំង គីម មិន​ខុសពីការ​បិទ​ភ្នែក​ឱ្យ កើតមានបទល្មើសនៃការដាក់ស្បៃមុខ សៃយ៉ឺន បង្កឱ្យមានភាពហិនហោច​ធនធាន​ធម្មជាតិ​ពេលក្រោយ​នោះ​ទេ ។

អ្វីជាតម្លាភាពនោះគេចង់ឃើញលោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល និងលោក អ៊ុក រ៉ាប៊ុន ដែលជារដ្ឋមន្ត្រី ក្រសួង​កសិ កម្ម មេត្តាពិនិត្យមើលភាពអសកម្ម នៃការចិញ្ចឹមត្រីឆ្តោខុសច្បាប់ របស់មេឈ្មួញ ផាំង គីម ឡើងវិញផង ព្រោះប្រជាពលរដ្ឋមួយចំនួនបានបញ្ជាក់ថា ប្រសិនបើមេឈ្មួញធំៗដែលរកស៊ីចិញ្ចឹមត្រីឆ្តោខុសច្បាប់រាប់សែនក្បាល ក្នុងមួយរដូវៗ ត្រូវជំនាញជលផលចុះបង្ក្រាបពួកគាត់ ក៏ឈប់ចិញ្ចឹមត្រីឆ្តោទៀតដែរ ប៉ុន្តែប្រសិនបើឈ្មួញធំៗ អាច​ចិញ្ចឹម​ត្រីឆ្តោខុសច្បាប់បាន រឿងអ្វីពួកគាត់មិនអាចធ្វើបាន ព្រោះមានលុយសូកប៉ាន់មន្ត្រីជលផលពុករលួយដូច តែគ្នា​ទេ ។

យ៉ាងណាក៏ដោយសកម្មភាពដែលលោក ផាំង គីម ប្រើស្បែកជាយោធាទៅរកស៊ីពង្រឹងពង្រីកមុខជំនួញ ចិញ្ចឹមត្រីឆ្តោ​ខុស​ច្បាប់ ឬនាំចូលត្រីឆ្តោពីស្រុកយួនយ៉ាងអនាធិបតេយ្យ គឺជាភាពគឃ្លើនបំផុតទៅនឹងបទបញ្ជារបស់ រាជរដ្ឋាភិបាល និងការណែនាំរបស់ថ្នាក់លើ ។ ដូច្នេះរដ្ឋមន្ត្រីក្រសួងកសិកម្មលោក អ៊ុក រ៉ាប៊ុន មិនត្រូវមើលរំលង បញ្ហានេះទេ ព្រោះ​បទ​ល្មើសនេសាទ និងការចិញ្ចឹមត្រីឆ្តោ គឺជាករណីខុសច្បាប់ និងបំផ្លាញធនធានពូជមច្ឆជាតិកើតមានជាយូរមកហើយ នៅក្នុងទឹកដីស្រុកស្អាងនិងស្រុកកោះធំ ខេត្តកណ្តាល ដោយសារតែមន្ត្រីជលផលជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយ ក្រុមជនល្មើសតែម្តង ។/
ដោយ ៖ នាយកណ្តាល

2013_11_28_009a 2013_11_28_009b