ក្រុមជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ថ្នល់​ទទឹង​ព្រឹក​ថ្លឹង​ឡាន យប់ថ្លឹង​លុយ​យ៉ាង​កាក់​កប !

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត​ដឹកលើស​ទម្ងន់ដែល​មានទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧ ក្នុងភូមិថ្នល់ ទទឹង ឃុំជប់ ស្រុកត្បូងឃ្មុំ របស់មន្ទីរ​សាធារណការ និងដឹកជញ្ជូន​ខេត្តបាន​ដាក់ជញ្ជីង​ថ្លឹងរថយន្ត​ដឹកលើសទម្ងន់ ត្រូវបាន​​គេ​រិះគន់ថា សព្វថ្ងៃនេះ​បានប្រព្រឹត្ត​អំពើពុក​រលួយឃុប​ឃិតគ្នា​ជាមួយឈ្មួញ​អ្នករកស៊ីដឹក​ទំនិញ​លើស ទម្ងន់ កំណត់​ដោយ​​ពុំបានថ្លឹង ឬផាកពិន័យ​ឱ្យបាន​តឹងរ៉ឹង​ចំពោះរថយន្ត​ផ្ទុកទំនិញ​លើសទម្ងន់​ទាំង​នោះឡើយ គឺច្រើនតែយក លុយដាក់​ហោប៉ៅធ្វើ​មានធ្វើបាន​ដោយពុំគិត​ពីផលប្រយោជន៍​ជាតិ បើទោះថ្មីជាបាក់ស្ពាន ឬផ្លូវខូចក៏ដោយចុះក៏ ប្រធាន​ជញ្ជីង​នេះ​មិនខ្វល់ដែរ ។

ប្រភពព័ត៌មានពីអ្នករកស៊ីដឹកទំនិញឆ្លងកាត់ជញ្ជីងនោះបានរៀបរាប់ប្រាប់ការិយាល័យឱ្យដឹងថា ក្នុង១យប់ៗ មាន​រថយន្តដឹកទំនិញ លើសទម្ងន់ធ្វើចរាចរណ៍ឆ្លងកាត់ជញ្ជីងរាប់សិបគ្រឿង តែពុំដែលឃើញសមត្ថកិច្ច ទាំងនោះឃាត់​ឱ្យចូលថ្លឹង​ឡើយ ព្រោះពួកគេបានទាក់ទងទងគ្នាតាមទូរស័ព្ទជាមួយ ហេង ផល្លា ជាប្រធានរួចទៅ ហើយដោយមិន​បាច់​ចូលថ្លឹងទេ គឺឱ្យតែលុយមកជាការស្រេច ។

ប្រភពដដែលបានបន្តទៀតថា រថយន្តដឹក លើសទម្ងន់ដែលលោក ហេង ផល្លា យកលុយនេះភាគច្រើនឱ្យធ្វើ ចរា​ចរណ៍​នៅពេលយប់ ព្រោះដើម្បីបិទបាំងភ្នែកសមត្ថកិច្ចផ្សេងៗហើយរថយន្តទាំងនោះត្រូវលោក ហេង ផល្លា បាន​កំណត់ឱ្យបង់មួយឡានចាប់ពី ១៥០០០០ ទៅ ២០០០០រៀល បើមិនព្រមបង់ទេ និងត្រូវឱ្យចូលថ្លឹង ហើយផាក​ទំនិញ​ចំពោះទំនិញផ្ទុកលើសតោនតាមច្បាប់ ។ ដូច្នេះហើយបានជាអ្នករកស៊ីខ្លាចលោក ហេង ផល្លា បុរសមុខ​លុយ​នេះ​ញាក់ស​ាច់គ្រប់ៗគ្នា ។

ប្រភពដដែលបានបន្តថា មិនតែប៉ុណ្ណោះ ហេង ផល្លា បានបង្កើតស្នាក់ការត្រួតពិនិត្យមួយកន្លែងទៀត ស្ថិតនៅត្រង់​ចំណុច​ភូមិទួលទ្រា សង្កាត់ជប់ ក្រុងសួង ទៅពីវត្តទួលទ្រា ប្រហែលជា ១០០ម៉ែត្រ ដែលស្នាក់ការនោះ ពួក​គេបាន​ដាក់​កម្លាំងចល័តស្ទាក់ឡានយកលុយនៅពេលយប់ដើម្បីបង្កើនចំណូល ដូច្នេះហើយបានជាលោក ហេង ផល្លា សំបូរលុយ​ចាយ​មិនចេះអស់មានលទ្ធភាពទិញរថយន្តទំនើបៗជិះ ទិញផ្ទះនៅភ្នំពេញថែមទៀត ។

ផ្ទុយទៅវិញបើក្រឡេកមើលទៅលើផ្លូវជាតិលេខ ៧ វិញកំពុងតែរងការខូចខាតត្រូវជួសជុល ដោយសារ​មកពីការដឹក​លើស​ទម្ងន់ជារៀងរាល់ថ្ងៃហើយការជួសជុលត្រូវប្រើប្រាស់ថវិកាជាតិជាច្រើន តែចំណូលពីការផាកពិន័យ បែរជាចូល​តែ​ហោប៉ៅមន្ត្រីពុករលួយមិនញញើតច្បាប់នោះទៅវិញ ។

ពាក់ព័ន្ធនឹងព័ត៌មានដែលទម្លាយដោយក្រុមឈ្មួញដឹកទំនិញនេះ ក្រុមមន្ត្រីជាកូនចៅលោក ហេង ផល្លា ម្នាក់ដែល​ទំនង​ជាមិនបានប្រយោជន៍ពីករណីនេះដែរ និងដោយឃើញលោកប្រធានប្រមូលលុយយកច្រើនតែឯង នោះបាននិយាយ​ដែរ​ថា ថ្នាក់លើមិនគួរទុកលោក ហេង ផល្លា ឱ្យកាន់ការងារនៅទីនេះបន្តទៀតទេ ព្រោះថា ការពិន័យកូន​ឈ្មួញមួយ​ចំនួន​ធំហូរចូលហោប៉ៅ ហេង ផល្លា ច្រើនចូលរដ្ឋតិច ឯផ្លូវជាតិលេខ ៧ ដែលទើបធ្វើរួចមិន​ទាន់ទាំងបាន​ប៉ុន្មាន​ផង​នោះ នឹងរលាយហិនហោចឆាប់ៗមិនខានឡើយ បើទោះជាក្រសួង និងមន្ទីរចំណាយលុយជួសជុលរាល់ថ្ងៃក៏ដោយ ៕
ដោយ ៖ ត្មាតខ្មៅ