ទ្រី ភាព ខ្ចីដៃតុលាការ​កោះហៅ​ពលរដ្ឋ ២នាក់ ប្តឹង​គំរាម​របាយការណ៍​ព្រៃឈើ

ប្រជាពលរដ្ឋពីរនាក់​ដែល​មាន​ឈ្មោះនៅ​ក្នុងរបាយ​ការណ៍​របស់អង្គការ ក្រុមកិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស កម្ពុជា ដែល ចេញផ្សាយ​កាលពី​សប្តាហ៍មុន ក្រោម​ចំណង​ជើងថា នយោបាយ​ប្រមូលឈើ​ឱ្យអស់ពី​ស្រុកខ្មែរ​របស់ ក្រុមហ៊ុន ទ្រី ភាព ត្រូវបាន​តុលាការ​ខេត្ត កណ្តាល ចេញដីកា​កោះឱ្យចូល​ខ្លួនសាកសួរ​ទាក់ទិនទៅ​នឹងពាក្យ​បណ្តឹង របស់ ឧកញ៉ា ទ្រី ភាព ដែលបាន​ប្តឹងពីបទ​បរិហារកេរ្តិ៍​ជាសាធារណៈ​ដើម្បីបិទបាំង​ទង្វើអាក្រក់​របស់ខ្លួន ដែលត្រូវ​របាយ​​ការណ៍ លាត ត្រដាង។

ឈ្មោះ សេន សាន ជាប្រជាពលរដ្ឋ​ម្នាក់ក្នុង​ចំណោម​ពីរនាក់​រស់នៅភូមិ ជន្លង ឃុំ ត្បែង ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល ជិតនឹង​ផ្ទះរបស់ ឧកញ៉ា ទ្រី ភាព ដែលបាននិយាយនៅក្នុងរបាយការណ៍ ចេញផ្សាយនៅថ្ងៃ ទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ កន្លងមក ដោយនិយាយអំពីជីវប្រវត្តិ និងមុខរបរ របស់ឧកញ៉ា ទ្រី ភាព និង បានថ្លែងឱ្យ ដឹងថា លោកពុំ បាននិយាយអ្វីច្រើនពី ឧកញ៉ាន៉ោះទេ ដោយលោកគ្រាន់តែនិយាយហេតុអីក៏មានម៉្លេះ។ លោកបន្តថាៈ «ខ្ញុំបានពន្យល់ ថា គាត់មានមកពីគាត់រកស៊ីព្រៃឈើ។ ខ្ញុំនិយាយតែប៉ុណ្ណឹងបែរជាប្តឹងខ្ញុំពីបទបរិហារកេរ្តិ៍ជា សាធារណៈ»។

ជនរងគ្រោះបានថ្លែងឱ្យដឹងទៀតថា នៅក្នុងដីកាដែលមានចុះហត្ថលេខា ដោយលោក សំម ឫទ្ធីវាសនា តំណាង អយ្យការ អមសាលាដំបូង ខេត្ត កណ្តាល នៅថ្ងៃ ទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៣ គឺបង្គាប់ឱ្យរូបគាត់និងអ្នកស្រី អ៊ុក សំបូរ ចូលទៅកាន់សាលាដំបូងខេត្ត កណ្តាល នៅថ្ងៃ ទី២៩ ខែ ១១ វេលាម៉ោង ៩ ព្រឹកដើម្បីសាកសួរពីដំណើររឿងដែល ឧកញ៉ា ទ្រី ភាព ប្តឹង។

តាមជនរងគ្រោះបានឱ្យដឹងថាៈ «ខ្ញុំមានការភ័យខ្លាចចំពោះដីកានោះពីព្រោះគេជាអ្នកមានហើយក៏ជា អ្នកមានអំណាច ទោះបីជាយើងត្រូវក៏មិនអាចឈ្នះគេដែរ ប៉ុន្តែខ្ញុំត្រូវតែចូលខ្លួនទៅតាមកាលកំណត់ ខ្ញុំមិនចង់គេចវេសនោះទេ»។

លោក សេន សាន ជាជនរងគ្រោះ បានឱ្យដឹងទៀតថា នៅក្នុងពាក្យបណ្តឹងនេះបើតាមលោកគិត អាចមានបញ្ហាពីរ គឺ លោកធ្វើការតំណាងឱ្យគណបក្សសង្គ្រោះជាតិនៅក្នុងឃុំនេះ ហើយលោក ឧកញ៉ា ទ្រី ភាព ជាអ្នកពង្រឹងបក្សឱ្យគណ បក្សប្រជាជនកម្ពុជា នៅក្នុងស្រុកនេះ ដូច្នេះអាចជាគំនាបដើម្បីឱ្យលោកចូលបក្ស របស់គេពីព្រោះកន្លងមកគេ ធ្លាប់មក សួរលោកដែររឿងចូលបក្សប្រជាជននោះ ។ ហើយអ្វីដែលគេធ្វើនេះគឺជាការគំរាមកំហែងដើម្បីឱ្យខ្ញុំខ្លាច។

ដូចជាកាលពីថ្ងៃ ទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានចេញ របាយការណ៍ មួយ ដោយអះអាងថា ក្រុមហ៊ុនរបស់ ឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុន ដែលមានទំនាក់ទំនងជិតស្និទ្ធជា មួយរដ្ឋាភិបាល ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច“ ជិត ៧ ម៉ឺនហិកតា តាមរយៈការបំបែកក្រុមហ៊ុនតូចៗចំនួន ១៥” គឺជាក្រុមហ៊ុន ដែលរកស៊ីនាំឈើទៅក្រៅប្រទេស ជាជាងការវិនិយោគនៅលើដីសម្បទាន។

យោងនៅក្នុងរបាយការណ៍កម្រាស់ ៥២ ទំព័រ ដែលបានចេញផ្សាយអះអាងថា ក្រុមហ៊ុនរបស់លោក ទ្រី ភាព បានធ្វើ អាជីវកម្មកាប់ឈើ និងដឹងជញ្ជូនឈើប្រណីតនៅគ្រប់តំបន់ព្រៃឈើ នៅទូទាំងប្រទេសកម្ពុជា ដែលមាន ២៧ តំបន់ នៃខេត្តចំនួន ១២ គ្របដណ្តប់ដោយព្រៃឈើ ក្នុងនោះមានគំរោងអភិវឌ្ឍន៍ និងគម្រោងសម្បទានសេដ្ឋកិច្ច ។

ដោយឡែកដោយសារក្រុមហ៊ុននេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងមានសម្ព័ន្ធមេត្រីភាព ជាមួយ កម្លាំង ប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្ស ក្រសួង ឧស្សាហកម្ម ក្រសួង កសិកម្ម និងក្រុម ហ៊ុន ភាពីម៉ិច តាមរយៈកិច្ចព្រមព្រៀងស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាង ក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់ អាវុធចុះថ្ងៃ ទី២២ ខែ កុម្ភៈ ឆ្នាំ ២០១០។ ផងនោះ ទើបធ្វើឱ្យក្រុមហ៊ុននេះអាចប្រព្រឹត្តអំពើពុករលួយ និងកាប់បំផ្លាញ ព្រៃឈើ ខុសពីគោលការបានតាមតែអំពើចិត្ត ។

ជុំវិញបញ្ហានេះដែរ លោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា អ្វីដែលក្រុម ហ៊ុននេះបានធ្វើឡើងគ្រាន់តែជាការគំរាមមកលើប្រជា ពលរដ្ឋដែលហ៊ាននិយាយពីការពិតអំពីខ្លួន ប៉ុណ្ណោះ ប៉ុន្តែពល រដ្ឋ នៅទូទាំងប្រទេសពុំបានភ័យខ្លាចអំពីការប្រើប្រព័ន្ធ តុលាការមកលើពួកគេនោះទេ គឺពួកគេបានកំពុងត្រៀម ខ្លួន ក្រោក ឈរប្រឆាំងទៅនឹងក្រុមហ៊ុនកាប់ បំផ្លាញព្រៃឈើមួយនេះដើម្បីឱ្យរដ្ឋាភិបាល ចាត់វិធានការទប់ស្កាត់នូវការកាប់ បំផ្លាញ ព្រៃឈើខុសគោលការច្បាប់នូវកម្ពុជា ។

លោកបានថ្លែងថា ៖ «នេះគឺជាវប្បធម៌របស់ក្រុមហ៊ុនដែលមាន អំណាចនិងមានលុយដែលតែងតែប្រើប្រព័ន្ធ តុលាការ មក គាបសង្កត់និង បំបាក់ស្មារតីរបស់ប្រជាពលរដ្ឋ។ ក្រីក្រនូវកម្ពុជាវាគឺជាទម្លាប់របស់មន្ត្រីមានអំណាច ប៉ុន្តែទង្វើនេះ មិនគួរនឹងកើតមានទៀតទេ នៅក្នុងរដ្ឋាភិបាលអាណត្តិ ទី៥ នេះ ពីព្រោះរដ្ឋាភិបាលបានប្រកាសហើយ ថា និងធ្វើការ កែ ទម្រង់ស៊ីជម្រៅនោះ»។

លោកប្រធានរូបនេះបានថ្លែងទៀតថា អ្វីដែលងឿងឆ្ងល់នោះគឺតុលាការហាក់ដូចជាចាត់វិធានការលឿន បំផុត នៅក្នុង ករណីនេះពីព្រោះរបាយការណ៍របស់លោកទើបតែចេញនៅថ្ងៃ ទី២០ ខែ វិច្ឆិកា ហើយដីការបស់តុលាការចេញនៅថ្ងៃ ទី២២ ខែ វិច្ឆិកា ដូច្នេះវាមិនមែនជារឿងហួសហេតុទេឬ ?។

លោកបានឱ្យដឹងទៀតថាៈ «ប្រសិនបើរឿងផ្សេងៗទៀតតុលាការចាត់វិធានការលឿនដូចក្នុងករណីនេះ ប្រហែលជា នៅក្នុងពន្ធនាគារទាំងអស់នៅក្នុងប្រទេសកម្ពុជាមិនប្រឈម នឹងភាពចង្អៀតណែននោះទេ»។

ដោយឡែកលោក សុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានថ្លែងឱ្យដឹង ថា តុលាការគេ ធ្វើការ លឿននោះគឺអ្វីដែលប្រជាពលរដ្ឋកំពុងតែចង់បាន ហើយសង្ឃឹមថា ប្រសិនបើមានបណ្តឹងទៅថ្ងៃ ក្រោយតុលាការ នឹង ចាត់វិធានការលឿនដូច បណ្តឹងអ្នកមានអំណាចដែរ ហើយអ្វីដែលលោកមើលឃើញទាស់ ភ្នែកនៅក្នុងបណ្តឹងនេះ ប្រសិន បើជារឿងព្រហ្មទណ្ឌតុលាការគួរធ្វើការស៊ើបអង្កេតជាមុនសិន ទើបតុលាការធ្វើការ សម្រេចចិត្តជា ក្រោយគឺវា មានដំណាក់កាលរបស់វា ។

លោកបានថ្លែងឱ្យដឹងថាៈ «នៅក្នុងបណ្តឹងនេះ គឺតុលាការពឹងផ្អែកតែលើបណ្តឹងមួយមុខប៉ុណ្ណោះ»។ ហើយដើម្បីដាក់ គំនាបគំរាមទៅលើប្រជាពលរដ្ឋទាំងពីររូប ។

ផ្ទុយទៅវិញអ្វីដែលជាការចាប់អារម្មណ៍ថ្មីនោះ គឺត្រូវបានគេដឹងថា គឺស្ថាប័នក្រុម NGO សិទ្ធិមនុស្សនៅ កម្ពុជាកំពុងតែ ធ្វើរបាយការជុំគ្នាមួយ ស្នើប្តឹងសុំឱ្យអង្គការ Globle withness ចុះស្រាវជ្រាវជាពិសេសនូវឧក្រិដ្ឋកម្ម ព្រៃឈើរបស់ ក្រុម ហ៊ុន ទ្រី ភាព ដើម្បីនាំខ្លួនឧកញ៉ានេះទៅឱ្យតុលាការកាត់ទោសវិញម្តង ពីបទឧក្រិដ្ឋកម្មព្រៃឈើ ខុសគោលការយ៉ាង រង្គាលនូវ កម្ពុជា ។/ ដោយ ៖ ស ជាតិ

2013_11_28_007b2013_11_28_007a